(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា សកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ មានទិសដៅតែមួយ គឺការដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននានា ដោយមិនប្រកាន់និន្នាការ នយោបាយសាសនាវណ្ណៈពណ៌សម្បុរអ្វីឡើយ។
ការបញ្ជាក់បែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០១៩នេះ ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៨៦៣គ្រួសារ មកពីសហគមន៍ចំនួន១០ និងភូមិទាំង១៨ ក្នុងសង្កាត់គោលរកា ខណ្ឌព្រែកព្នៅ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការចែកអំណោយមនុស្សធម៌ របស់កាកបាទក្រហមនាពេលនេះ មិនមែនជាលើកទី១នោះទេ ហើយក៏មិនមែនជាលើកចុងក្រោយដែរ គឺនៅតែបន្តចែកជូនដល់គ្រួសារ ដែលកំពុងជួបការលំបាកជានិច្ច។
លោកបន្តថា ថ្វីត្បិតតែនេះ ជាអំណោយបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែអំណោយនេះ អាចជួយរំលែកទុក្ខលំបាករបស់បងប្អូន បានមួយចំណែកផងដែរ ហើយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ត្រូវស្លាប់ដោយសារគ្មានស្បៀងអាហារនោះឡើយ។
លោក អភិបាលរាជធានីភ្នំពេញ បានលើកឡើងទៀតថា អំណោយកាកបាទក្រហមទាំងអស់នេះ គឺបានមកពីការចូលរួមឧបត្ថម្ភ ពីសប្បុរសជននានាផ្តល់មកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។ សកម្មភាពទាំងនេះ គឺជាសិល្បៈនៃការចែករំលែកនៅក្នុងចំណោមប្រជាជនកម្ពុជារបស់យើង ពិតជាមានន័យធំធេង និងជ្រាលជ្រៅខ្លាំងណាស់។
ក្នុងឱកាសនោះ លោកចៅសង្កាត់គោករកា បានឲ្យដឹងថា ប្រពលរដ្ឋក្រីក្រ ទទួលអំណោយកាកបាទក្រហមកម្ពុជា ថ្ងៃនេះ មានចំនួន៨៦៣គ្រួសារ មកពីសហគមន៍ទាំង១០ និងមកពីភូមិទាំង១៨ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលពួកគាត់ពិតជាមានការខ្វះខាតខាងជីវភាពពិតប្រាកដមែន។
លោកបន្តថា ប្រជាពលរដ្ឋក្រីក្រទាំងអស់នេះ ពួកគាត់ជាកម្មករសំណង់ រើសអេដចាយចាស់ជរាស្រ្តីមេម៉ាយ និងអ្នកមានផ្ទុកជំងឺអេដស៍ជាដើម។
គោលដៅរបស់កាកបាទក្រហមកម្ពុជា បានបំពេញនូវបេសកម្មមនុស្សធម៌ជាច្រើន ក្នុងការជួយសង្គ្រោះ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ រួមមាន ចាស់ជរា, ជនគ្មានទីពឹង, ស្ត្រីមេម៉ាយទុរគត, ស្រ្តីសម្រាលកូន, កុមារគថ្លង់, យុវជនញៀនថ្នាំ, ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ជំងឺអេដស៍។
ជាពិសេសបានអន្តរាគមន៍ បានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដូចជាគ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា»។
នេះជាលើកទី៣ហើយ ដែលសាខាកាកបាទក្រហមរាជធានី លោក ឃួង ស្រេង បាននាំយកអំណោយកាកបាទក្រហម មកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅទីនេះ ដើម្បីជួយសំរាលការលំបាកខ្វះខាតរបស់បងប្អូន។ សកម្មភាពនេះ បានបង្ហាញពីការខិតខំយកចិត្តទុក ដាក់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការដោះស្រាយការលំបាក ជូនបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះការខ្វះខាត។
លោក ឃួង ស្រេង បានថ្លែងថា កាកបាទក្រហមជាអង្គការ មិនមែនទទួលថវិកាពីរាជរដ្ឋាភិបាល ឬពីអង្គការណាមួយនោះ ទេ តែទទួលបានពីសប្បុរសជននានា ដែលបានបរិច្ចាកធនធានរបស់ខ្លួន ក្នុងការ រួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ដោយមិនប្រកាន់បក្សពួក និន្នាការនយោបាយ ឬសាសនាណាមួយឡើយ សំខាន់គឺទីណាជួបការលំបាកទីនោះតែង មានកាកបាទក្រហម។
លោកបន្តថា យ៉ាងណាក៏ដោយ យើងមិនបានដាច់ពោះ ដោយសារភាពអត់ឃ្លាន និងដោយសារសង្គ្រាមនោះឡើយ ដោយសារនយោ បាយឈ្នះឈ្នះ របស់សម្តេចតេជោធ្វើឲ្យប្រទេសនេះ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ ៕