(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំយកទេយ្យទាន និងទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃ ចំនួន២៦វត្ត ស្ថិតនៅក្នុងឃុំគោករវាង ឃុំផ្តៅជុំ ឃុំសូទិប ឃុំស្តើងជ័យ ឃុំត្រពាំងគរ ឃុំព្រីងជ្រុំ និងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងថា ការប្រគេនទានព្រះវស្សាដល់ព្រះសង្ឃ គឺបានបុណ្យច្រើនជាងកឋិនទានទៅទៀត ដូចនេះហើយពុទ្ធបរិស័ទមិនអាចចោលបានទេ ចំពោះទានព្រះវស្សានេះ ហើយយើងតែងតែធ្វើការដាក់ទៀនព្រះវស្សានេះជារៀងរាល់ឆ្នាំ នៅវត្តទាំងអស់ក្នុងស្រុកជើងព្រៃ ដែលការប្រគេនទានព្រះវស្សានេះ គឺជាការគោរពបូជា និងគាំទ្រយ៉ាងពេញទំហឹងលើពុទ្ធសាសនា ពីព្រោះតែពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដូចនេះយើងតែនាំគ្នាធ្វើយ៉ាងណាឱ្យសាសនារបស់យើងបានគង់វង្ស និងរីកចំរើនតទៅមុខទៀត។
លោកបណ្ឌិត ម៉ា ឈឿន បានបន្តថា ការនាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃនេះ អាចធ្វើទៅបានដោយយើងមិនអាចឃ្លាតឆ្ងាយពីសន្តិភាពបានទេ បើយើងគ្មានសន្តិភាពហើយបើស្ថិតនៅក្នុងរបបប៉ុលពតទៀត កុំថាឡើយសាសនាព្រះពុទ្ធ សាសនាអ្វីក៏គ្មានដែរ ដូចនេះហើយដោយសារតែមានសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឱ្យប្រទេសយើងអាចកើតមានប្រពៃណីដ៏ស្រស់ផូផង់របស់យើងឡើងវិញ ហើយក្រោមការដឹកនាំដ៏ឈ្លាវៃនេះហើយ ទើបធ្វើឱ្យយើងមានសន្តិភាព និងការអភិវឌ្ឍ ដែលកត្តាទាំងអស់នេះ បានឱ្យវិស័យព្រះពុទ្ធសាសនា និងវិស័យផ្សេងៗទៀតបានរីកចំរើនគ្រប់វិស័យ និងធ្វើឱ្យជីវភាពរបស់នៅរបស់ប្រជាជនបានកាន់តែល្អប្រសើឡើង។
លោកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានបញ្ជាក់ថា បើគ្មានសន្តិភាព ក៏មិនមែនពុទ្ធសាសនា ដែលរីកចំរើនដូចសព្វថ្ងៃនេះដែរ ដូចនេះហើយយើងត្រូវតែនាំគ្នាជួយចូលរួមថែរក្សាសន្តិភាពនេះឱ្យបានរឹងមាំគង់វង្សយូរអង្វែងបន្តទៀត ដើម្បីឱ្យរដ្ឋាភិបាលមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើនបន្តទៀត និងដើម្បីសុខសន្តិភាពរបស់ប្រជាជនយើង ក្នុងអាជ្ញាធរនៅក្នុងមូលដ្ឋានត្រូវធានាឱ្យភូមិ ឃុំ មានសុវត្ថិភាព ការពារឱ្យបានកុំឱ្យមានក្មេងទំនើង អំពើចោរកម្មនៅក្នុងមូលដ្ឋានរបស់យើងផងដែរ
សូមបញ្ជាក់ដែរថា ទេយ្យទាន និងទានព្រះវស្សា ដែលជារបស់លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រី អ៊ុក ម៉ាលី ដែលប្រគេនព្រះសង្ឃក្នុងឱកាសនេះ រួមមាន៖ ក្នុង១វត្តមាន ទៀនព្រះវស្សា ១គូ, ស្លាដក់ ១កញ្ចប់, អង្ក ២បាវ ១០០គីឡូក្រាម, ទឹកសុទ្ធ វីតាល់ ៤កេស, ទឹកក្រូច ៣ កេស, មី ម៉ាម៉ា ៣កេស, ត្រីខកំប៉ុង ៣យួ, បច្ច័យប្រគេនសម្រាប់វត្តចំនួន ៦០០,០០០រៀល, បច្ច័យប្រគេនព្រះសង្ឃ ក្នុង១អង្គចំនួន ៥០,០០០រៀល និងតែ ស្ករ ការហ្វេ ១កញ្ចប់ធំ ក្នុងនោះវត្តពោធិ៍វង្ស ដែលកំពុងកសាងឧបដ្ឋានសាលា បានឧបត្ថម្ភស៊ីម៉ង់តិ៍ ២០តោនបន្ថែមទៀតផងដែរ៕