(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្រេចឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការរំលោភសេចក្តីទុកចិត្ត ។ បុរសនេះមានឈ្មោះ ហៀក សុវណ្ណារាជ អាយុ៣២ឆ្នាំ ដោយត្រូវតុលាការចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត»។
សូមរំលឹកថា បុរសខាងលើនេះ ជាបុគ្គលិកក្រុមហ៊ុនចែកចាយសម្ភារបន្ទប់ទឹក នៃក្រុមហ៊ុនមួយ ដែលត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមដីការបស់លោកព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងរាជធានី ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។
យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាឱ្យឈ្មោះ ហៀក សុវណ្ណារាជ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។
ដោយរកឃើញថា ជនសង្ស័យឈ្មោះ ហៀក សុវណ្ណារាជ ជាតំណាងចែកចាយ ពិតជាបានប្រព្រឹត្តអំពើរំលោភទំនុកចិត្ត ដោយកិបកេងលុយជាច្រើន របស់ក្រុមហ៊ុន QING JIANG YUAN TRADING CO,LTD ពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់៕