(កំពង់ធំ)៖ ជាការពិត ថ្ងៃ១៥កើត ខែអាសាឍ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក តែងតែប្រារព្ធរំលឹកជារៀងរាល់ឆ្នាំ តាមរយៈពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា អាជ្ញាធរខេត្តកំពង់ធំ សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំកម្មវិធីឈ្វេងយល់បុណ្យអាសាឍបូជា នារសៀលថ្ងៃទី១៤ ខែកក្កដាឆ្នាំ ឆ្នាំ២០១៩។
ពិធីបុណ្យនេះ មានការនិមន្តចូលរួមពីមន្ត្រីសង្ឃជាន់ខ្ពស់ ក្រោមអធិបតីភាពសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងមានវត្តមានពីសំណាក់លោកស្រី ខៀវ ស៊ីណា ជាចាន់តូ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងលោក-លោកស្រីជាសមាជិក-សមាជិកា ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុង-ស្រុក និងមន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញខេត្ត យាយជី តាជី មន្ត្រីសង្ឃ សិស្ស-និស្សិតជាច្រើននាក់។
សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន មានសង្ឃដីកាថា អាសាឍបូជា ឬអាសាឡ្ហបូជា រាប់ថាជាថ្ងៃសំខាន់មួយទៀតរបស់ពុទ្ធសាសនិក ដែលត្រូវគ្នានឹងថ្ងៃពេញបូណ៌មី ១៥កើត ខែអាសាឍ។
នៅក្នុងសម័យពុទ្ធកាល មានហេតុការណ៍សំខាន់កើតឡើង៤ប្រការដូចតទៅ៖
១៖ ជាថ្ងៃដែលព្រះបរមសាស្ដាទ្រង់សម្ដែងព្រះធម្មទេសនាជាលើកដំបូង ដល់បញ្ចវគ្គីយ៍ទាំង៥រូប នៅក្នុងព្រៃឥសិបតនមិគទាយវ័ន ក្បែរនគរពារាណសី។
២៖ ជាថ្ងៃដែលព្រះបរមសាស្ដាទ្រង់ បានទទួលព្រះសាវកអង្គដំបូង គឺព្រាហ្មណ៍កោណ្ឌញ្ញៈ ដែលបានសម្រេចព្រះធម្មអង្គដំបូង។
៣៖ ជាថ្ងៃដែលមានព្រះសង្ឃកើតឡើងជារូបដំបូង គឺព្រះអញ្ញាកោណ្ឌញ្ញៈ និងទទួលបានការឧបសម្ប័ទជាព្រះភិក្ខុរូបដំបូងក្នុងព្រះពុទ្ធសាសនា។
៤៖ ជាថ្ងៃកើតឡើងនូវព្រះរតនត្រ័យពេញបរិបូរណ៍ គឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គ្រប់ជាលើកទីមួយ។
លោកស្រី ខៀវ ស៊ីណា បានចាត់ទុកការចូលរួមក្នុងពិធីបុណ្យនេះ គឺជាបុណ្យកុសលដែលពុទ្ធបរិស័ទខែ្មរតែងមានជំនឿ និងធ្វើទៅតាមទំនៀមទម្លាប់ប្រពៃណីនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋដ៏រុងរឿងជារៀងរាល់ឆ្នាំពុំដែលអាក់ខាន ដើម្បីជួយផ្គត់ផ្គង់សម្រាលការលំបាកដល់ជីវភាពរបស់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងរយៈពេល៣ខែតាមពុទ្ធប្បញ្ញត្តិ។
លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅគ្រប់រូបត្រូវបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងត្រូវតែមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាការពារសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរឹងមាំថែមទៀត ហើយសាសនាព្រះពុទ្ធបានរួចំណែកអភិវឌ្ឍប្រទេសជាតិ ពោរពេញទៅដោយសីលធម៌ និងខិតខំធ្វើអំពើល្អឲ្យបានច្រើនជាពិសេសយុវជនត្រូវសិក្សាស្វែងយល់ពីសីលធម៌ និងស្តាប់ការទូន្មានប្រៀនប្រដៅរបស់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន៕