(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដាក់ឃុំក្រាំងយ៉ូវ ស្រុកស្អាង និងភូមិកំពង់ចំលង ឃុំកំពង់ចំលង ខេត្តកណ្តាល ជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។ នេះបើតាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ។
ការផ្ទុះឡើងនៃខេត្តកណ្តាលនេះ បានធ្វើឲ្យចំនួនខេត្តដែលរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកកើនឡើង ៥ខេត្តហើយ គឺខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងកណ្តាល។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ លោក វេង សាខុន បានធ្វើការសម្រេចដាក់ចេញវិធានការថ្មី ដោយចាត់បញ្ជូនមន្ត្រីជំនាញបសុព្យាបាលរួមទាំងឧបករណ៍សម្រាប់វិភាគជាបន្ទាន់ចុះពិនិត្យដល់ទីកន្លែង និងយកសំណាកឈាមសត្វជ្រូកធ្វើការវិភាគនៅនឹងកន្លែងតំបន់ផ្ទុកជំងឺតែម្តង ដើម្បីរកមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា ក្នុងករណីលទ្ធផលនៃការវិភាគសំណាកឈាមជ្រូក មិនមានវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេនោះ ក្រសួងនឹងអនុញ្ញាតឱ្យធ្វើការលក់សត្វជ្រូកចេញពីតំបន់នោះ ដើម្បីផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋអាចទទួលបានប្រាក់ចំណូល ក្នុងការទូទាត់ចំណាយដែលបានខិតខំចិញ្ចឹមកន្លងមក។
សូមជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនឆ្លងដល់មនុស្សទេ ប៉ុន្តែជំងឺកាចសាហាវនេះធ្វើឲ្យជ្រូកងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលអាចបណ្តាលឲ្យមានការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក៕