(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ក្រុមការងារ ឱ្យប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដោយគ្មានការលើកលែងទោះបីអ្នកប្រព្រឹត្តនោះជាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំក៏ដោយនោះ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា កម្ពុជាជាប្រទេសអនុវត្តន៍ច្បាប់ ដូចនេះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ទាំងអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំ។
បទបញ្ជាទៅកាន់កងកម្លាំងដែលត្រូវបានយកមកបង្ហោះលើបណ្តាញសង្គម Facebook ដោយលោក អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លើនេះជនល្មើសមិនថា អ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ។ ច្បាប់ចែងច្បាស់ហើយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើភាពគ្នាចំពោះមុខច្បាប់។ ឱ្យតែរកឃើញថា ទង្វើនោះជាបទល្មើស ត្រូវបង្ក្រាបទាំងមនុស្ស មធ្យោបាយប្រព្រឹត្តបទល្មើស»។
ក្នុងបទបញ្ជានេះនាយឧត្តមសេនីយ៍ សៅ សុខា បានក្រើនរំលឹកដល់ក្រុមការងារគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវពង្រឹងវិន័យ និងអនុវត្តន៍ច្បាប់ដូចគ្នា បើរកឃើញថាផ្សំគំនិត ឬពាក់ព័ន្ធ និងបទល្មើសនោះ។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានគូសរំលេចផងដែរថា ដើម្បីធ្វើឱ្យការប្រយុទ្ធប្រឆាំងការបំផ្លាញបំផ្លាញព្រៃឈើ និងធនធានធម្មជាតិមានប្រសិទ្ធភាព គឺត្រូវមានការចូលរួមពីក្រសួងពាក់ព័ន្ធជាច្រើនទៀត ដោយមិនអាចពឹងផ្អែកតែលើគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាននោះឡើយ។
នាយឧត្តមសេនីយ៍ សៅ សុខា បានស្នើឱ្យក្រសួងស្ថាប័ន ដែលមានសមត្ថកិច្ចសុំពង្រឹងការសម្រេចចិត្តចេញលិខិតអនុញ្ញាតច្បាប់ និងត្រួតពិនិត្យកិច្ចការដែលជាតួនាទី ភារកិច្ច ចងដោយច្បាប់ឱ្យបានរឹងរឹង។ តាមការពិនិត្យដីសម្បទានមួយចំនួនមិនអាចដាំដំណាំ កសិឧស្សាហកម្មដូចជាកៅស៊ូបានទេ ព្រោះខាងក្រោមសម្បូរណ៏ដោយថ្ម និងគ្មានប្រភពទឹកខែប្រាំងទៀងផង។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានស្នើឱ្យក្រុមហ៊ុនទទួលបានសិទ្ធិ ត្រូវគោរពបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដោយស្មោះត្រង់ ហើយពន្ធដារត្រូវតែអនុវត្តន៍ដាច់ខាត។
ប្រជាពលរដ្ឋក៏ជាកត្តាដែលនាយឧត្តមសេនីយ៍ សៅ សុខា មើលឃើញថា ជាចំណែកដ៏សំខាន់ផងដែរក្នុងការទប់ស្កាត់ការបំផ្លាញព្រៃឈើ និងធនធានធម្មជាតិ។
លោក សៅ សុខា បានលើកឡើងថា «បងប្អូនប្រជាពលរដ្ឋជាម្ចាស់ប្រទេសសុំមេត្តាយល់ថា កាលពីជំនាន់ដូនតាយើង មិនប្រកបរបរកាប់ឈើ ហេតុអ្វីលោកអាចរស់បាន? មុខរបបមានច្រើនដែលអាចចិញ្ចឹមជីវិតបាន គួរដូរទម្លាប់បំផ្លាញខ្លួនឯង ដូចប្រសាសន៍សម្តេចតេជោថា កុំសម្លាប់មេមាន់»។
សូមបញ្ជាក់ថា នៅដើមខែកក្កដា ឆ្នាំ២០១៩នេះ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំ និងបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ សៅ សុខា បានបើកប្រតិបត្តិការក្តៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តភាគឦសានប្រទេស។ ក្នុងនោះឧកញ៉ា ស៉ឹង សំអុល មេឈ្មួញឈើល្បីឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារផងដែរ។
បច្ចុប្បន្នតុលាការ កំពុងចេញដីកាបញ្ជាតាមចាប់ជនសង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើនេះ ចំនួន៤រូបផ្សេងទៀត៕