(កំពង់ឆ្នាំង)៖ ចេញដំណើរពីទីរួមខេត្តកំពង់ឆ្នាំងឆ្ពោះទៅកំពង់ចម្លងផ្សារក្រោម ហើយបន្តដំណើរតាមស្រឡាងឆ្លងទន្លេសាបប្រមាណ ៣០-៤០នាទី លោកអ្នកនឹងបានទៅដល់ច្រាំងត្រើយម្ខាងនៃស្រុកកំពង់លែង ទីដែលមានប្រាង្គប្រាសាទមុនសម័យអង្គរមួយចំនួនតាំងនៅ។
ដំណើរឆ្ពោះកាន់តំបន់ប្រាសាទដែលកសាងឡើងមុនសម័យអង្គរនេះ មិនមែនត្រឹមតែជាដំណើរទេសចរណ៍តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែលោកអ្នកក៏អាចស្វែងយល់ពីជីវភាពរស់នៅ និងការប្រកបមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅស្រុកកសិកម្មមួយនេះផងដែរ។
នៅតំបន់នោះគេឃើញមានផ្ទះប្រជាពលរដ្ឋធំៗជាច្រើនបានលេចត្រដែតឡើង មួយចំនួនក៏កំពុងសាងសង់ថ្មី រីឯផ្លូវធ្វើដំណើរនោះទៀតសោតក៏កំពុងមានការពង្រីកបន្ថែម ក្នុងភូមិក៏សូវជាស្ងប់ស្ងាត់ដូចតំបន់ដទៃដែរ មើលទៅប្រជាពលរដ្ឋហាក់ដូចជារីករាយនឹងជីវភាពប្រចាំថ្ងៃរបស់ខ្លួន ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ។
រវល់តែបរិយាយពីស្ថានភាពទូទៅក្នុងសង្គមប្រជាពលរដ្ឋនៅស្រុកកំពង់លែង ក្រុមការងារក៏បានទៅដល់ភូមិជ្រលង ឃុំដារ ហើយបត់ឆ្វេងពីផ្លូវធំប្រមាណជាង១គីឡូម៉ែត្រទៀត យើងនឹងបានទៅដល់ទីបុរាណដ្ឋានតូចមួយ ដែលមានប្រាង្គប្រាសាទចំនួន២ឈរទន្ទឹមជិតគ្នា ស្រងេះស្រងោចក្បែរជម្រាលភ្នំទូកមាស។ តាមអ្នកស្រុកហៅប្រាសាទទាំងពីរនេះថា «ប្រាសាទថ្នមប្ដី ឬប្រាសាទស្លុតី»។
បើតាមអ្នកស្រុក ពីមុនមកទីបុរាណដ្ឋានដ៏កម្សត់នេះ មានប្រាង្គប្រាសាទទោលចំនួន៣ ប៉ុន្តែដោយសារឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍កន្លងមក ពួកខ្មែរក្រហមបានបំផ្លាញប្រាង្គប្រាសាទចោលអស់មួយទៅហើយ នៅតែប្រាង្គចំនួនពីរក៏បាក់បែកទ្រុឌទ្រោមយ៉ាងដំណំទៅទៀត ជាហេតុបង្កើតនូវក្ដីសង្វេគសោកស្ដាយ ចំពោះអ្នកដែលបានទៅទស្សនានៅទីនោះ។
បច្ចុប្បន្នបុរាណដ្ឋានមួយនេះមិនទាន់ត្រូវបានរៀបចំជាកន្លែងទទួលភ្ញៀវនៅឡើយទេ គឺមានតែផ្លូវលំដែលប្រជាពលរដ្ឋធ្វើដំណើរទៅមក ហើយភ្ញៀវទេសចរក៏អាចឈៀងចូលទស្សនាបានដែរ ប៉ុន្តែនៅទីនោះមានចម្ការត្រសក់ ឪឡឹក សណ្ដែក និងចម្ការបន្លែបង្ការជាច្រើនទៀត ដែលភ្ញៀវអាចទិញពីប្រជាកសិករបាន ឬអាចជជែកសួរនាំពីប្រវត្តិប្រាសាទ ដោយនៅក្បែរនោះក៏មានខ្ទមចាំចម្ការរបស់ប្រជាកសិករផងដែរ។
បកដំណើរត្រលប់មកផ្លូវធំវិញ ហើយបន្តដំណើរឆ្ពោះទៅទិសខាងជើង យើងនឹងបានទៅដល់ភូមិប្រាសាទ ឃុំដារដដែល ហើយបត់ស្ដាំតាមក្លោងទ្វារវត្តប្រាសាទប្រមាណ១គីឡូម៉ែត្រទៀត លោកអ្នកនឹងបានឃើញវត្តប្រាសាទ ហើយបរយានជំនិះចូលដល់ក្នុងវត្តតែម្ដង នឹងឃើញប្រាង្គប្រាសាទធំស្កឹមស្កៃមួយនៅខាងលិចព្រះវិហារ ប្រាសាទនោះគេហៅឈ្មោះថា ប្រាសាទស្រី ដែលត្រូវបានកសាងឡើងតាំងពីសតវត្សទី៧មកម្ល៉េះ។
ប្រាសាទធំមួយនេះមិនសូវមានការខូចខាតច្រើននោះទេ ដោយសារបានព្រះសង្ឃ អាចារ្យ ក៏ដូចជាពុទ្ធបរិស័ទជួយអភិរក្សថែរក្សា ព្រមទាំងគោរពបូជាទៀតផង ពោលគឺនៅមានក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ។
លោកតាអាចារ្យគណៈកម្មការវត្តបានឱ្យដឹងថា ពីមុនមកនៅក្នុងបរិវេណវត្តប្រាសាទនេះ គឺមានប្រាសាទដល់ទៅបីប្រាង្គឯណោះ តែដោយសារខ្មែរក្រហមបំផ្លាញចោលអស់មួយ ទាំងដែលតួប្រាសាទនៅស្អាតចែស ចំណែកមួយទៀតគឺបានបាក់បែកតាំងពីសម័យមុនទៅទៀត ដោយបច្ចុប្បន្នសល់តែដើមឈើធំមួយចុះនៅលើឥដ្ឋតាន់គ្រឹះនៃប្រាសាទ។
គយគន់ប្រាសាទ និងសម្បត្តិវប្បធម៌នៅក្នុងវត្តប្រាសាទរួចហើយ លោកអ្នកអាចបន្តដំណើរទៅទស្សនានៅប្រាសាទសខ្ល ឬប្រាសាទប្រុសថែមទៀត ដែលមានទីតាំងស្ថិតនៅភូមិច្រណូកកើត ឃុំច្រណូក។ ប្រាសាទមួយនេះ ក៏ស្ថិតនៅដាច់តែឯងដូចប្រាសាទដទៃដែរ ប៉ុន្តែនៅមានសភាពល្អស្អាតមិនមានការខូចខាតធំដំនោះទេ នេះហើយជាលក្ខណៈពិសេសមួយ នៃប្រាសាទភាគច្រើននៅស្រុកកំពង់លែង។
ស្ថិតនៅលើទីទួលបុរាណមួយកណ្ដាលវាលស្រែខាងជើងភ្នំ ប្រាសាទសខ្ល ហាក់ដូចកណ្ដោចកណ្ដែងតែឯង ព្រោះគ្មានវត្តអារាម គ្មានផ្ទះប្រជាពលរដ្ឋនៅក្បែរ ដូចជាប្រាសាទស្រីនៅក្នុងវត្តប្រាសាទឡើយ។
បើតាមលោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី ក្រៅពីប្រាសាទទាំងបីទីតាំងនេះ ស្រុកកំពង់លែងនៅមានប្រាសាទផ្សេងទៀត។
លោក សេង សាលី បានបញ្ជាក់ថា ថ្វីដ្បិតមានភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋឆ្លងកាត់ស្រុកកំពង់លែងច្រើនឡើងៗ ប៉ុន្តែនាពេលបច្ចុប្បន្នមិនសូវជាមានភ្ញៀវទេសចរទៅទស្សនាប្រាសាទទាំងនោះច្រើននៅឡើយទេ។
សូមទស្សនាវីដេអូនបទយកការណ៍របស់អង្គភាពព័ត៌មាន Fresh News ដែលរៀបរាប់លម្អិតអំពីទីនោះ៖