(កណ្តាល)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល ចុះពិនិត្យសុខភាព និងព្យាបាលជម្ងឺជូនកម្មករនិយោជិត និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅបរិវេណរោងចក្រយីដា ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានកម្មករនិយោជិត និងប្រជាពលរដ្ឋចូលរួមពិនិត្យសុខភាព និងព្យាបាលចំនួន ៤២៣៧នាក់។
ក្នុងពិធីនេះ ត្រូវបានអញ្ញើញចូលរួមជាអធិបតីពីសំណាក់លោក សុះ មុះសិន តំណាងរាស្ត្រមណ្ឌលកណ្តាល និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា, លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ឋគ្រូពេទ្យ ស.ស.យ.ក, លោក នូវ ប៉េងច័ន្ទតារា អភិបាលរងតំណាងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល, លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា, លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ និងលោក ម៉ាយឃើល ខើ តំណាងក្រុមហ៊ុនយីដា, លោកជី ស៊ីវុត្ថា អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តកណ្តាលតំណាងលោក គីម រិទ្ធី អនុប្រធាន ស.ស.យ.ក និងប្រធាន ស.ស.យ.ក ខេត្តកណ្តាល។
លោកបណ្ឌិត ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ក្រុមគ្រូពេទ្យ នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជាចំនួន ៣២៨នាក់ ដែលសុទ្ធតែជាវេជ្ជបណ្ឌិតជំនាញ ភាគច្រើន បានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងមានបទពិសោធន៍ជាច្រើនឆ្នាំនៅតាមមន្ទីរពេទ្យធំៗ នារាជធានីភ្នំពេញ រួមជាមួយសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សាខាខេត្តកណ្តាល បានចុះផ្តល់សេវាពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី នៅស្រុកកៀនស្វាយ ដោយមិនគិតថ្លៃ ដែលជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគិតគូរ និងយកចិត្តទុកដាក់ពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត ហេង សុខគង់ បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យ នៃសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា បានចុះពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅ២៣ រាជធានី-ខេត្ត បានចំនួន១០៣លើក។ គោលដៅសំខាន់គឺបង្ខិតសេវាសុខាភិបាល ទៅដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីលើកកំពស់សុខភាព និងសុខមាលភាពប្រជាពលរដ្ឋ ជាពិសេសតំបន់ដាច់ស្រយាល និងឆ្ងាយពីសេវាសុខាភិបាលរបស់រដ្ឋ។
លោកបណ្ឌិតបានបន្ថែមទៀតថា សេវាដែលផ្តល់ជូនប្រជាពលរដ្ឋ ក្នុងឱកាសនេះរួមមាន៖ ជំងឺទូទៅ ជំងឺបេះដូង និងសសៃរឈាម ជំងឺមនុស្សចាស់ ជំងឺត្រចៀក ច្រមុះបំពង់ក បំពាក់ឧបករណ៍សម្លេងជូនអ្នកជំងឺគ-ថ្លង់ ជំងឺភ្នែក ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺកុមារ វះកាត់តូច និងរោគសន្លាក់ ជំងឺមាត់ ធ្មេញ អេកូសាស្ត្រ រោគស្ត្រី និងពិនិត្យផ្ទៃពោះ ជំងឺតម្រងនោម មន្ទីរពិសោធន៍ចល័ត ពិនិត្យបឋម និងវាស់សំពាធឈាម អប់រំសុខភាពសាធារណៈ សេវាថែរក្សាក្រោយព្យាបាល (After Care Service) ។
លោក សោម អូន ប្រធានសម្ព័ន្ឋសហជីពជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា យោងតាមអនុសារណៈយោគយល់ MoU សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសហការជាមួយសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បី ផ្តល់សេវាពិនិត្យ និងព្យាបាលសុខភាពដោយមិនបង់ប្រាក់ជូនកម្មករនិយោជិត និងប្រជាពលរដ្ខនៅតាមបណ្តាខេត្តក្រុង។
លោក សោម អូន បានបន្ថែមថា លោកពិតជាមានមោទភាពណាស់ ដែលបានឃើញប្រជាពលរដ្ឋក៏ដូចជាកម្មករនិយោជិតយ៉ាងច្រើនកុះករ បានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅថ្ងៃនេះ ដែលជាសកម្មភាពមួយនៃកិច្ចការសង្គម ហើយវាបានគួបផ្សំបន្ថែមមួយផ្នែកទៀត ទៅលើសេវាពេទ្យរបស់រដ្ឋ។ លោក សោម អូន ក៏បានលើកឡើងដែរថា បងប្អូនកម្មករនិយោជិតទាំងអស់បាន និងកំពុងតែទទួលបានការយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានដាក់ចេញនូវផែនការ ចុះជួបសំណេះសំណាលជាមួយបងបងប្អូនកម្មករនិយោជិត ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងស្ថានភាពលក្ខ័ណ្ឌការងាររបស់កម្មករនិយោជិត ហើយតាមរយៈជំនួប សំណេះសំណាលនេះសម្តេចតេជោ បានប្រកាសផ្តល់នូវផលប្រយោជន៏ថ្មីៗជាច្រើនទៀត ដល់កម្មករនិយោជិតដែលកំពុងតែបំរើការងារទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ឋនិងក្រៅប្រព័ន្ឋ។
លោក សោម អូន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា ដែលបានផ្តួចផ្តើមបង្កើតឡើងដោយលោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ដើម្បីចូលរួមសកម្មភាពគាំពារសុខមាលភាពរបស់កម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានកង្វះខាតថវិកា៕