(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា ប្រទេសកំពុងតែមានសុខសន្តិភាព គឺរាជរដ្ឋាភិបាល ត្រូវការធនធានមនុស្សដើម្បីរួមគ្នាធ្វើការអភិវឌ្ឍ ប្រទេសឲ្យកាន់តែមានការរីកចម្រើនឡើង។
នេះជាការលើកឡើងរបស់លោកអភិបាលខេត្ត ថ្លែងទៅកាន់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ខណៈចូលរួមជាអធិបតីជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៥បន្ទប់ អនុវិទ្យាល័យបឋមសិក្សាមេមាំង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិមេមាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លៃបន្តថា ដោយសារតែធនធានមនុស្ស ជាកត្តាសំខាន់ក្នុងការអភិវឌ្ឍប្រទេស ទើបរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់លើវិស័យអប់រំ ពិសេសធ្វើការពង្រឹងទៅលើគ្រូបង្រៀន និងគុណភាពសិក្សារបស់សិស្ស និងធ្វើការកែលម្អសោភ័ណភាពទីតាំងសាលារៀន។
លោកអភិបាលខេត្ត បានបញ្ជាក់ថា «ចំពោះគ្រូបង្រៀនបច្ចុប្បន្ន ឃើញថា មានការប្ដូរឥរិយាបថបានច្រើន បន្ទាប់ពីរាជរដ្ឋាភិបាល បានដំឡើងប្រាក់បៀវត្ស។ ហើយក៏គ្មានការរិះគន់ អំពីបញ្ហាគ្រូបង្រៀន បង្កើតមុខរបរផ្សេងៗ យកលុយពីសិស្សជាដើម ដែលប្រការនេះធ្វើឲ្យសិស្សានុសិស្សបាក់ទឹកចិត្តលែងចង់មករៀន។ ប៉ុន្តែក្រោយពីមានការណែនាំពីរាជរដ្ឋាភិបាល រួមជាមួយការដំឡើងប្រាក់បៀវត្ស និងការឧបត្ថម្ភផ្សេងៗ មួយចំនួនទៀតផងនោះ ធ្វើឲ្យគ្រូបង្រៀនបង្កើនគុណភាពក្នុងការបង្រៀនសិស្សបានល្អប្រសើរ»។
លោកអភិបាលខេត្តបានបន្តថា ចំពោះសិស្សានុសិស្ស ត្រូវតែខិតខំសិក្សាចាប់ពីកម្រិតបឋមសិក្សាឡើងទៅ រហូតដល់មធ្យមសិក្សាទុតិយភូមិ ដូច្នេះជាការចាំ បាច់ត្រូវការខិតខំប្រឹងប្រែងរៀនសូត្រ ពោលគឺ បច្ចុប្បន្នយើងមានគ្រូល្អហើយ ដូច្នេះសិស្សានុសិស្ស ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ស្រូបយកចំណេះដឹងនោះទើបប្រទេសយើងសម្បូរ ធនធានមនុស្ស ដើម្បីរួមគ្នាអភិវឌ្ឍប្រទេសជាតិ របស់យើងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ម្យ៉ាងទៀត កាលណាដែលប្រទេសរបស់យើងសំបូរធនធានមនុស្ស យើងមិនខ្លាចបរទេសមកដណ្ដើមការងារធ្វើក្នុងប្រទេសរបស់យើងនោះទេ ដូច្នេះសូមប្អូនៗ សិស្សានុសិស្ស ទាំងអស់ ខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីចូលរួមចំណែក ធ្វើការអភិវឌ្ឍប្រទេសជាតិយើងទាំងអស់គ្នា៕