(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ បានថ្លែងថា តម្លៃនៃសុខសន្ដិភាព ពិតជាកត្ដាដ៏សំខាន់បំផុត ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានពលីគ្រប់បែបយ៉ាង ដើម្បីជាតិ និងប្រជាពលរដ្ឋ។
ដូច្នេះប្រជាពលរដ្ឋយើងទំាងអស់ ត្រូវចូលរួមថែរក្សាឱ្យបានគង់វង្សនូវសន្តិភាពមួយនេះ ដើម្បីយើងបន្តរួមគ្នាអភិវឌ្ឍប្រទេសជាតិយើង ឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។
តំណាងរាស្ដ្រ ម៉ា ឈឿន បានថ្លែងបន្ដថា «ជាក់ស្ដែង ដូចនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះដែរ ដោយកត្ដាសុខសន្ដិភាព បងប្អូនយើងមានជីវភាពធូរធា មានឱកាសជួបជុំគ្នា ចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានរុងរឿង តាមរយៈការចូលរួមបច្ច័យកសាងទីវត្តអារ៉ាម ឱ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ និងនាំយកទៀនព្រះវស្សា ទៅប្រគេនព្រះសង្ឃចំនួន៥វត្ត ដែលធ្វើឡើងនៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយខេត្តកំពង់ចាមនេះ។
លើសសពីនេះ ក្នុងឱកាសនាំយកទៀនព្រះវស្សា លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រី អ៊ុក ម៉ាលី ក៏បានប្រគេនបច្ច័យក្នុង១វត្តៗថវិកា ១លាន៥សែនរៀល ទៀនវស្សា១គូ អង្ករ ចំនួន១០០គីឡូក្រាម ស្ករស១០គីឡូក្រាម មី៧កេស ទឹកក្រូច៥កេស ទឹកបរិសុទ្ធ៥កេស ត្រីខកំប៉ុងមួយកេសធំ ។
ជាមួយគ្នានោះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានឧទ្ទិសផល្លានិសង្ស ដែលកើតចេញពីសទ្ធាជ្រះថ្លានេះ ថ្វាយចំពោះព្រះមហាក្សត្រនៃយើង ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ដើម្បីគង់ជាម្លប់ និងបន្តដឹកនាំប្រទេសជាតិ ឱ្យមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនបន្ដទៅមុខទៀត។
សូមជម្រាបថា ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេ បានរៀនធម៌ និងវិន័យ ឱ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ក្នុងរយ:ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ៕