(ភ្នំពេញ)៖ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា បានប្រកាសថា ខ្លួនមានគម្រោងផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតចំនួន ៥០០កន្លែង និងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ និងផ្នែកអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សរុបចំនួន ៥,០០០កន្លែងទៀត ដល់ប្រជាពលរដ្ឋ ពិសេសយុវជននៅទូទាំងប្រទេស ដែលមានបំណងចង់បន្ត ការសិក្សា និងចង់ទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ។
នេះជាការបញ្ជាក់របស់លោក ឡី សុភាព ប្រធាននាយកប្រតិបត្តិនៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាសមាគមយុវជនសេដ្ឋកិច្ចកម្ពុជា ដែលបានលើកឡើងក្រោយពិធី ប្រគល់-ទទួលវិញ្ញាបនបត្រ និងជ័យលាភីដល់សិក្ខាកាម សិស្ស-និស្សិតសរុបប្រមាណជាង ២៥០នាក់ នៅទីស្នាក់ការសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ស្ថិតក្នុងខណ្ឌជ្រោយចង្វា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។
លោកបានបញ្ជាក់ថា ក្រោយទទួលបានជោគជ័យក្នុងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់សិស្ស-និស្សិតសរុបប្រមាណជាង ២៥០នាក់ខាងលើ ក្នុងឆ្នាំ២០១៩នេះ សមាគមរបស់លោកនឹងសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ដើម្បីផ្ដល់អាហារូបករណ៍នៅថ្នាក់អនុបណ្ឌិត ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ ព្រមទាំងផ្នែកអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បន្ថែមទៀត ក្នុងនោះរួមមាន៖
* សម្រាប់ថ្នាក់អនុបណ្ឌិត មានគ្រឹះស្ថានឧត្តមសិក្សាចំនួន៣ធំៗទទួលការបង្រៀននិស្សិត តាមរយៈសមាគមទាំងពីរខាងលើ ក្នុងនោះរួមមាន៖ សាកលវិទ្យាល័យអន្តរជាតិ វិទ្យាស្ថានជាតិអភិវឌ្ឍន៍សហគ្រិនភាព និងនវានុវត្តន៍ និងវិទ្យាស្ថានអាជីវកម្មអន្តរជាតិ ដោយនឹងផ្ដល់អាហារូបករណ៍សរុបប្រមាណ ៥០០កន្លែង។
* សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង និងផ្នែកអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សមាគមគ្រោងនឹងផ្ដល់អាហារូបករណ៍ជូនសិស្សក្រីក្រប្រមាណ ៥,០០០កន្លែង ឱ្យសិក្សាក្នុងគ្រឹះស្ថានឧត្តមសិក្សាចំនួន៣ដែរ ក្នុងនោះរួមមាន៖ វិទ្យាស្ថានជាតិអភិវឌ្ឍន៍សហគ្រិនភាព និងនវានុវត្តន៍ វិទ្យាស្ថានអាជីវកម្មអន្តរជាតិ និងវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា។
សូមជម្រាបថា សិក្ខាកាម សិស្ស-និស្សិតទាំងជាង២៥០នាក់ខាងលើនេះ ទទួលបានការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពាណិជ្ជកម្មអន្តរជាតិ អស់រយៈពេលជាង១ឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្ន ពួកគេគឺសុទ្ធតែទទួលបានការងារធ្វើ និងមុខរបរគ្រប់គ្នាហើយ ដែលជាវឌ្ឍនភាពថ្មីសម្រាប់ជាតិកម្ពុជា។
លោក ឡី សុភាព បានលើកឡើងថា ការបណ្ដុះបណ្ដាលដល់សិក្ខាកាម និងសិស្ស-និស្សិត គឺស្របទៅនឹងយន្តការរបស់ក្រសួងការងារ ដែលបានដាក់ចេញនូវកម្មវិធីស្ពានចម្លង ក្នុងវិស័យអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា «TVET អាចធ្វើបាន» និងកម្មវិធី «រៀនពេញមួយជីវិត»។ ម្យ៉ាងទៀត ក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអាចសម្របខ្លួនទៅនឹងបដិវត្តឧស្សាហកម្ម ៤.០ ក្នុងសម័យឌីជីថលូបនីយកម្មនេះ។
ពាក់ព័ន្ធនឹងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លោក ឡី សុភាព បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមបន្តការសិក្សារបស់ខ្លួនឱ្យបានជាប់ជានិច្ច ស្របតាមការដាក់ចេញកម្មវិធី «រៀនមួយជីវិត» របស់រាជរដ្ឋាភិបាលកម្ពុជា ដូចនឹងពាក្យចាស់ពោលថា «រស់ដល់ចាស់ រៀនដល់ចាស់»។ ម្យ៉ាងទៀត ការអភិវឌ្ឍប្រទេសជាតិមួយបាន គឺអាស្រ័យទៅនឹងធនធានមនុស្ស។
ប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជារូបនេះ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់គោលនយោបាយ «បុគ្គលិកម្នាក់ ជំនាញមួយ» និង «សេវាកម្មមួយ ស្ដង់ដាមួយ» ហើយនេះជាអ្វីដែលសមាគមរបស់លោក បានដាក់ចេញក្នុងស្ដង់ដាការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់សិក្ខាកាម និងសិស្ស-និស្សិត៕