(ស្វាយរៀង)៖ លោក ចាប ភក្ដី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រុមការងារថ្នាក់ជាតិប្រចាំខេត្តស្វាយរៀង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកចន្រ្ទា ប្រធានក្រុមការងារចុះជួយឃុំច្រេស នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ បាននាំយកទៀនព្រះវស្សា ប្រគេនដល់វត្តចំនួន៣ នៅក្នុងឃុំច្រេស។
សម្ភារដែលប្រគេនព្រះសង្ឃក្នុងឱកាសនោះ រួមមាន៖ វត្តមួយទៀនវស្សា១គូ, ទឹកក្រូច៥កេស, ទឹកសុទ្ធ៥កេស, ទឹកស៊ីអ៊ីវ៥យួរ, ប្រេង៣០លីត្រ, ស្ករស៥គីឡូក្រាម, អង្ករ២០០គីឡូក្រាម, ត្រីខ១០០កំប៉ុង, មី៥កេស។ ប្រគេនបច្ច័យ១វត្ត ចំនួន១,០០០,០០០រៀល, ព្រះសង្ឃ១៨អង្គ ស្មើនឹង៩៥០,០០០រៀល, ប្រគេនស៊ីម៉ង់៣តោន សម្រាប់ជួសជុលសាលាឆាន់។
ក្នុងឱកាសនោះ លោក ចាប ភក្ដី បានលើកឡើងថា រដូវនេះជារដូវចូលវស្សាពុទ្ធបរិស័ទទូទាំងប្រទេស បាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុ បច្ច័យ យកទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាមគ្រប់ទីកន្លែង នៃប្រទេសកម្ពុជា ហើយក្នុងការចូលវស្សានេះ មានរយៈពេលតែ៣ខែ ព្រះសង្ឃគ្រប់វត្តអារាមទូទាំងប្រទេស មិនអាចនិមន្តចេញទៅបិណ្ឌបាត នៅទីណាបានឡើយ ហើយក្នុងចូលវស្សានោះពុទ្ធបរិស័ទតែងតែ នាំយកទានវស្សាទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។
លោកបានបញ្ជាក់ថា ទៀនវស្សា និងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃនេះ គឺដើម្បីលើកស្ទួយប្រជាពលរដ្ឋ ឲ្យកាន់តែយល់ដឹងអំពីវិស័យព្រះពុទ្ធសាសនា ប្រសើរឡើងក្នុងការធ្វើបុណ្យទាន និងចូលរួមចំណែក ការកសាងសមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឲ្យបានរីកចម្រើនរុងរឿងផងដែរ៕