(កំពត)៖ គម្រោងរីស៊តផ្កាឈូករ័ត្ន គ្រោងចំណាយថវិកា ៤លានដុល្លារ ដែលជាគម្រោងមួយដំបូងក្នុងចំណោមគម្រោងរីស៊ត និងសណ្ឋាគារ លំដាប់ផ្កាយរហូតដល់ ២០កន្លែងជាប់ៗគ្នា នៅលើផ្ទៃដីរាប់រយហិកតា ជាមួយនឹងគម្រោងថវិកាសាងសង់ ក្នុងរង្វង់ទឹកប្រាក់ជាច្រើនរយលានដុល្លាររបស់ក្រុមហ៊ុនកំពតឋានសួគ៌ បានចាប់ផ្ដើមបើកដំណើរការប្រារព្ធ ពិធីក្រុងពាលីបុកគ្រឹះសាងសង់ហើយ។
ពិធីក្រុងពាលីបុកគ្រឹះសាងសង់នេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិអង្គ ឃុំត្រពាំងព្រឹង ស្រុកទឹកឈូ ខេត្តកំពត ក្រោមវត្តមានលោក នួន អក ជាអគ្គនាយក រីស៊តផ្កាឈូករ័ត្ន និងមានការចូលរួមពីលោក ស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដីខេត្តកំពត និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោក នួន អក បានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនកំពតឋានសួគ៍ បានសម្រេចចិត្តចំណាយទឹកប្រាក់រហូតដល់ ៤លានដុល្លារ ដើម្បីសាងសង់ រីស៊ត ផ្កាឈូករត្ន័ ព្រោះដោយឃើញថា តំបន់នេះជាតំបន់ធម្មជាតិមួយ ដែលមានដៃសមុទ្រជាច្រើនបានចូលមកដល់ ដែលមានអាយុកាលរហូតដល់រាប់ពាន់ឆ្នាំ ដែលជាទីតាំងគួរឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរផងដែរ។ ក្រុមហ៊ុនកំពតឋានសួគ៍ ក៏មានដីជាច្រើរយហិកតា ដែលនឹងធ្វើការអភិវឌ្ឍ ពីរីស៊តមួយទៅរីស៊តមួយ នៅលើដីទាំងអស់នេះផងដែរ។
លោក នួន អក បានបន្ថែមទៀតថា នៅតំបន់នេះដែរ ក្រៅពីការសាងសង់រីស៊ត ក៏នឹងបង្កើតឱ្យមានផ្សារក្តាមលក់គ្រឿងសមុទ្រធម្មជាតិ ដោយក្រុមហ៊ុនក៏នឹងទម្លាក់លុយប្រមាណ៥លានដុល្លារ ដើម្បីកសិករនេសាទយកលុយនេះទៅប្រើ ដោយការយកទូកទៅនេសាទ និងមិចបាច់ជួលពីក្រុមហ៊ុននោះទេ តែដោយគ្រាន់តែយកក្តាម និងបង្គារដែលរកបាននោះ យកមកលក់នៅក្នុងផ្សារក្តាមរបស់ក្រុមហ៊ុនតែប៉ុន្នោះ។ មានបង្កើតផ្សារលក់ធុរេនធម្មជាតិ ដើម្បីជួយលើកកម្ពស់ផលិតផលនៅក្នុងខេត្តកំពត និងមានផ្ទៃដីប្រមាណ៣០ហិចតា ដើម្បីដាំបន្លែធម្មជាតិ ជាមួយគ្នានោះនឹងមានការបង្កើតជាសួនផ្កានៅលើផ្ទៃដីចំនួន ១០ហិកតាផងដែរ។
លោក នួន អក បានបញ្ជាក់ទៀតថា ចំពោះគម្រោងរបស់ក្រុមហ៊ុនកំពតឋានសួគ៌នេះ គឺមានម្ចាស់ភាគហ៊ុនបរទេសចូលរួមមានច្រើន ដែលគ្រោងនឹងសាងសង់រីស៊ត និងសណ្ឋាគារ លំដាប់ផ្កាយរហូតដល់២០កន្លែងជាប់ៗគ្នានេះតែម្តង ជាមួយនឹងគម្រោងទឹកប្រាក់សាងសង់រាប់រយលានដុល្លារអាមេរិក ដោយឡែកក្នុងរយៈពេល២ឆ្នាំ នឹងសាសង់តែ៥រីស៊តសិនតែប៉ុណ្ណោះ ដែលក្នុងនោះនឹងមានសណ្ឋាគារផ្កាយ៤មួយ ដែលនឹងធ្វើឡើងនៅលើផ្ទៃដីរាប់រយហិកតា ជាមួយនិងការកែច្នៃដីនៅលើគោក ឱ្យក្លាយទៅជាទឹកផងដែរ ហើយរីស៊តខ្លះនឹងធ្វើឱ្យជាប់សមុទ្រតែម្តង។
លោក ស៊ឹម សុខជា បានឱ្យដឹងថា បច្ចុប្បន្នខេត្តកំពតគឺមានក្រុមហ៊ុនសាងសង់ជាច្រើន បានមកចូលរួមក្នុងការអភិវឌ្ឍ ហើយវិស័យដីធ្លីគឺកំពុងឡើងថ្លៃដូចគ្នា។ ចំពោះគម្រោងរីស៊តផ្កាឈូករ័ត្ននេះដែរ គឺមានលិខិតអនុញ្ញាតសម្រាប់សាងសង់ត្រឹមត្រូវ ដែលបានអនុញ្ញាតពីខាងរដ្ឋបាលក្រុងផងដែរ។
សូមបញ្ជាក់ដែរថា រីស៊តផ្កាឈូករត្ន័នេះ គឺជារីស៊តលំដាប់ផ្កាយ ៣បែបធម្មជាតិ ដែលមានខ្យល់អាកាសល្អបរិសុទ្ធ មានផាសុខភាព គួរជាទីមនោរម្យសម្រាប់ទាំងភ្ញៀវជាតិនិងអន្តរជាតិ ហើយក៏ជារមណីយដ្ឋានមួយប្រភេទ ដែលមានទាំងសេវាកម្មស្នាក់នៅ កន្លែងកំសាន្តនានា ដែលសម្បូរទៅដោយសួនផ្កាលំអរ និងបានច្នៃឡើងយ៉ាងល្អប្រណិត ទៅតាមទម្រង់នៃផ្កា និងស្លឹកឈូករ័ត្នពិតៗ ហើយរីស៊តទាំងមូលគ្របដណ្តប់ ទៅដោយផ្ទៃទឹកប្រមាណ៧០% បរិយាកាសធម្មជាតិស្រស់ស្អាត ស្រស់បំព្រង ខ្យល់បរិសុទ្ធ មានផាសុខភាពជាទីមនោរម្យ សម្រាប់ទាំងភ្ញៀវជាតិ និងអន្តរផងដែរ៕