(កំពត)៖ រថយន្ដកាត់ត និងបំពាក់ស្លាកលេខក្លែងក្លាយចំនួន ៥គ្រឿង ដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ ត្រូវកម្លាំងនគរបាលខេត្តកំពត់ ចាប់ឃាត់ជាបន្ដបន្ទាប់ ដើម្បីអនុវត្តវិធានការច្បាប់ចំពោះម្ចាស់រថយន្ដទាំងអស់នេះ។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការចាប់រថយន្ដកាត់ត និងប្រើស្លាកលេខក្លែងក្លាយនេះ ធ្វើឡើងដោយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយអធិការស្រុកជុំគិរី និងអធិការស្រុកឈូក។
លោកស្នងការបញ្ជាក់ថា រថយន្ដទី១៖ ម៉ាក LEXUS 350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-9536 ដកហូតពីឈ្មោះ ជូន ហុក ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគិរី។ តាមពិតលេខនេះ សំគាល់រថយន្ត TOYOTA FORTUNER ពណ៌ខ្មៅ ម្ចាស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
*ទី២៖ រថយន្ត LEXUS 330 ពណ៌ផ្សែងបារី ពាក់ស្លាកលេខបាត់ដំបង2A-2748 ដកហូតពីឈ្មោះ ជ វុធ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិមនោណុប ឃុំជំពូវ័ន្ត ស្រុកជុំគិរី តាមពិតលេខនេះសំគាល់រថយន្ត TOYOTA COROLLA ពណ៌បៃតងចាស់ នៅសង្កាត់ទឹកថ្លា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
។
*ទី៣៖ រថយន្ត HIGHLANDER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-0496 ម្ចាស់ដែលកំពុងកាន់កាប់ បានយកមកប្រគល់ជូនសមត្ថកិច្ច។ អ្នកប្រគល់ឈ្មោះ ហាក់ ម៉េង ភេទស្រី អាយុ៣៣ឆ្នាំ សព្វថ្ងៃនៅភូមិដូង ឃុំស្រែក្នុង ស្រុកជុំគិរី។ តាមពិតលេខនេះសំគាល់រថយន្ត TOYOTA PRIUS ពណ៌ស នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
*ទី៤៖ រថយន្ត LEXUS 400h ពណ៌ផ្សែងបារី ពាក់ស្លាកលេខតាកែវ2A-0630 ដកហូតពីឈ្មោះ ស៊ុន សារ៉ន ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិព្រៃវែង ឃុំស្រែក្នុង ស្រុកជុំគិរី។ តាមពិតលេខនេះសំគាល់រថយន្ត HYUNDAI GRACE ពណ៌ប្រផេះ នៅស្រុកសំរោង ខេត្តតាកែវ។
*ទី៥៖ រថយន្ត LEXUS 330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD-2358 ដកហូតពីឈ្មោះ ហ៊ុន សុខុម ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិខ្នាចរមាស ឃុំនារាយណ៍ ស្រុកឈូក។ លេខនេះពុំមានទិន្នន័យទេ។
បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ចំពោះអ្នកកាន់កាប់រថយន្ត សមត្ថកិច្ចបានចុះកិច្ចសន្យា និងមានអ្នកធានា ដើម្បីមានមុខនៅពេលសមត្ថកិច្ចត្រូវការបន្តនីតិវិធី៕