(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី ម៉ក់ ស៉ីថា និងសហការី បានប្រគេនទេយ្យទាន ស្លាដក់ ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនទៀត ដែលជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស្រក ឃុំអូរស្វាយ ជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង ០៧ នៃឃុំទាំងពីរ ក្នុងស្រុកកំពង់សៀម នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។
លោក វេង សាខុន បានសម្តែងនូវក្តីសប្បាយរីករាយ ចំពោះវឌ្ឍនភាពរបស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ កំពុងមានការរីកចម្រើនគួរឲ្យកត់សំគាល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន។ បន្ទាប់បានប្រគេនទេយ្យទានជូនព្រះសង្ឃរួចមក លោកសំណេះសំណាលជាមួយពុទ្ធបរិស័ទ ដោយបានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន សម្តេចប្រធានរដ្ឋសភា និងសម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំកំពូល មកជូនប្រជាពលរដ្ឋដែលអញ្ជើញមកពីឃុំអូរស្វាយ និងឃុំស្រកប្រមាណ ៣០០នាក់។
ក្នុងឱកាសនេះ លោកបានលើកឡើងថា «ការរីកចម្រើនលើវិស័យពុទ្ធចក្រ និងអាណាចក្រ គឺត្រូវពឹងផ្អែកទាំងស្រុងលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច សុវត្ថិភាព និងភាពសុខសាន្តក្នុងសង្គមជាតិទាំងមូលជាចម្បង ជាក់ស្តែងថ្ងៃនេះយើងទាំងអស់គ្នា បានមកធ្វើបុណ្យហែរទៀនព្រះវស្សា ប្រកបដោយទឹកចិត្តសប្បាយរីករាយ»។
លោកបានថ្លែងបញ្ជាក់ទៀតថា ប្រទេសជាតិមានសុខសន្តិភាព គឺមិនអាចខ្វះបាននូវធនធានមនុស្ស ដែលពោរពេញទៅដោយចិត្តធម៌សប្បុរស យោគយល់អធ្យាស្រ័យ អហិង្សា សីលធម៌ល្អ សុជីវធម៌ ចិត្តសទ្ធាជ្រះថ្លា ហើយកត្តាទាំងអស់នេះ គឺជាគ្រឹះសុខស្ងប់ និងខន្តីក្នុងផ្លូវចិត្តដែលមានឥទ្ធិពល គ្របដណ្តប់លើសង្គមជាតិខ្មែរទាំងមូល នាពេលបច្ចុប្បន្ននេះ ដែលជាប្រទេសគោរពព្រះពុទ្ធសាសនា។
លោកបន្តថា ហេតុដូច្នេះហើយ ក្នុងនាមឲ្យរាជរដ្ឋាភិបាល ប្រធានក្រុមការងារ សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស និងជាពិសេសទូទាំងស្រុកកំពង់សៀម សូមមេត្តាបន្តគាំទ្រ ថែរក្សា និងលើកតម្កើងនូវប្រពៃណី វប្បធម៌ និងសាសនា របស់ជាតិឲ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ និងជាពិសេសនាំគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយគង់វង្សយូអង្វែងតរៀងទៅ។ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវតែគោរពបូជាព្រះពុទ្ធសាសនា និងមានជំនឿលើខ្លួនឯង លើរាជរដ្ឋាភិបាលភិបាល និងលើគោល នយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាជាកំលាំងរុញច្រាននាវាកម្ពុជា ឲ្យឆ្ពោះទៅកាន់ត្រើយសុភមង្គល សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបន្តទៀតដើម្បីកិត្តិយសជាតិ។
វត្តទាំង០៧ នៃឃុំទាំងពីរគឺឃុំស្រកមាន ០៤វត្ត និងឃុំអូរស្វាយមាន ០៣វត្ត ដែលទទួលបានទេយ្យទៀន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ឆ័យរួមមាន៖ វត្តឧទ្យានកែវល្ពាក វត្តទួលរកា វត្តស្រក វត្តភ្នំក្រហម វត្តខែជ័យ វត្តព្រៃចក្រៃ និងវត្តតាមុល ដោយវត្តនីមួយៗទទួលបានទៀនវស្សា ០១គូ ទេយ្យទាន ស្លាដក់ គ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន ១លានរៀលស្នើៗគ្នា។ ដោយឡែក វត្តឧទ្យានកែវល្ពាក ដែលជាកន្លែងប្រារព្វពិធី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតាមរយៈ លោក វេង សាខុន បានជួយឧបត្ថម្ភថវិកាចំនួន ២០លានរៀលបន្ថែមទៀត សម្រាប់យកទៅកសាងដំបូលសាលាឆ័ន្ទ។ ចំពោះពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួម ម្នាក់ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕