(កោះកុង)៖ នាយឧត្តមសេនីយ៍នាវី ទៀ វិញ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានថ្នាក់កណ្តាលចុះជួយ ស្រុកមណ្ឌលសីមា បានថ្លែងនៅក្នុងពិធីប្រកាស សេចក្តីសម្រេចស្តីពី ការសម្រួល និងតែងតាំងសមាសភាពបន្ថែម ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឃុំស្រុកមណ្ឌលសីមា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បានថ្លែងថា សមាភាពនៃថ្នាក់ដឹកនាំទាំងអស់ នៃគណបក្សប្រជាជនកម្ពុជា ត្រូវខិតខំបន្តបង្កើនសមត្ថភាព ដើម្បីហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍន៍ឃុំ ស្រុកខេត្តឲ្យមានសក្តានុពល និងបង្កើនធនធានមនុស្ស ឲ្យមានភាពរីកចំរើគ្រប់ផ្នែកវិស័យ ដើម្បីប្រជាពលរដ្ឋ និងដើម្បីប្រទេសជាតិទៅថ្ងៃអនាគត និងបន្សល់ទុកនូវស្នាក់ដៃដ៏ល្អសម្រាប់ក្មេងៗ ជំនាន់ក្រោយរៀនសូត្រតាម។
នាយឧត្តមសេនីយ៍នាវី ទៀ វិញ បានលើកឡើងថា ប្រទេសជាតិមានការរីកចម្រើនគ្រប់ផ្នែកវិស័យ ដោយសារខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោកខិតខំ តាំងពីប្រទេសជាតិ ស្ថិតនៅចំណុចសូន្យរហូតដល់មានការរីកចម្រើន គ្រប់ផ្នែកគ្រប់វិស័យរហូតធ្វើឲ្យពិភពលោកទទួលស្គាល់ ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយមានសន្តិភាពពេញ លេញជូនប្រជាពលរដ្ឋទៀតផង។
នាយឧត្តមនាវី បានថ្លែងបន្តថា «បងប្អូនជនរួមជាតិទាំងអស់គ្នា ត្រូវចងចាំជានិច្ចថ្ងៃ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ នៃប្រទេសជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស បើមិនមានថ្ងៃ ៧ មករា ១៩៧៩ទេ យើងក៍គ្មានថ្ងៃនេះដែរ ហើយក៏ពុំបានជួបជុំក្រុមគ្រួសារ សប្បាយរីករាយដូចបច្ចុប្បន្ននេះដែរ ពុកម៉ែបងប្អូនដឹងហើយថា របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្នុងរបបវាលពិឃាតប្រល័យពូជសាសន៍ សម្លាប់មនុស្សគ្មានញញើតដៃ បែកបាក់គ្រួសារឪពុកម្តាយមិនស្គាល់កូនៗ មិនស្គាល់ឪពុកម្តាយ បងមិនស្គាល់ប្អូនៗ មិនស្គាល់បង ហើយស្គាល់តែភាពអត់ឃ្លានហេវហត់ធ្វើការមិនស្គាល់យប់ថ្ងៃ ស្បែកដណ្តប់ឆ្អឹង។ ហេតុដូច្នេះយើងមានថ្ងៃនេះ ដោយសារការខិតខំរបស់សម្តេច ដែលប្រែក្លាយប្រទេសតាំងពី ចំណុចសូន្យឲ្យមានភាពរីកចំរើនគ្រប់ផ្នែកវិស័យ និងអភិវឌ្ឍន៍ បង្កើនធនធានមនុស្ស ទូទៅងប្រទេស ហើយសម្តេចបានគៀងគរ អ្នកវិនិយោគបណ្តាប្រទេសធំចូលអភិវឌ្ឍន៍ ដើម្បីប្រទេសជាតិ និងដើម្បីប្រជាពលរដ្ឋមានជីវភាពធូរធា»។
លោកបានបញ្ជាក់ថា «យើងដឹងស្រាប់ហើយ កាលពីមុនខេត្តកោះកុងយ៉ាងណាអីយ៉ាងណា....? ឥឡូវយ៉ាងណា....? ក្នុងការធ្វើដំណើរ ឥឡូវមានស្ពានមានផ្លូវ ងាយស្រួលក្នុងការធ្វើដំណើរ ខ្លាំងណាស់មិនដូចពេលមុនទេ»។
លោកបានបញ្ជាក់បន្ថែមថា ហេតុដូច្នេះសូមបងប្អូនកុំជឿតាមការញុះញង់របស់របស់គណបក្សនយោបាយផ្សេងៗ បានស្រែកក្តែងៗ តែការអភិវឌ្ឍន៍គ្មាន មានតែគណបក្សប្រជាជនកម្ពុជា១គត់ ដែលជួយដោះស្រាយរាល់បញ្ហាជូនបងប្អូន នៅពេលជួបបញ្ហាអ្វីមួយ គណបក្សប្រជាជនចុះដល់ភ្លាមៗ ហើយដោះស្រាយរាល់បញ្ហាជូនប្រជាជន ដោយមិនប្រកាន់សាសនាពូជសាសន៍ និងនិន្នាការនយោបាយណាមួយឡើយ៕