(ភ្នំពេញ)៖ ម៉ាក ត្រូវបានសិប្បករប្រើប្រាស់ តាំងពីសម័យដើមយូរលង់ណាស់មកហើយ ដោយគេសង្កេត​ឃើញផលិតករ ឬសិប្បករបានចារឈ្មោះ ឬ ឆ្លាក់រូបអ្វីមួយនៅលើផលិតផល ដែលគេបានផលិត ដើម្បីសម្គាល់​​ថាផលិតផល​​នោះជាស្នាដៃ​របស់ខ្លួន ។

នៅក្នុងសម័យទំនើប ម៉ាកគឺជាសញ្ញាសម្គាល់​ផលិតផលទំនិញ ឬសម្គាល់សេវាកម្ម​របស់បុគ្គល ឬក្រុមហ៊ុននីមួយៗដែលមានលក្ខ​ណៈសម្គាល់ប្លែកៗពីគ្នា ។ ការបែងចែកឲ្យ​មានម៉ាកនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ​ព្រោះតាមរយៈការប្រើ​ប្រាស់ម៉ាក អតិថិជនអាចធ្វើការបែងចែកប្រភព ឬអត្តសញ្ញាណនៃទំនិញ ឬសេវារបស់សហគ្រាសមួយទៅ សហគ្រា​សមួយផ្សេងទៀតជា​ដៃគូប្រកួតប្រជែងរបស់ខ្លួន ដែលវា​ជាការផ្តល់ជ​ម្រើសមួ​យដល់អតិថិជន និងចៀសវាងការក្លែងប​ន្លំនូវម៉ាករបស់ខ្លួនពីបណ្តា​សហគ្រាសដែលជា​ដៃគូប្រកួតប្រជែង ។

សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចសហការ​រវាងអង្គភាព​សារព័ត៌មាន Fresh News ជាមួយ​ក្រុមមេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើកយកប្រធានបទដែលទាក់ទងនឹង «កម្មសិទ្ធិបញ្ញាស្តីពី ម៉ាក» មកធ្វើការបង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖

ដូចម្តេចដែលហៅថា ម៉ាក? តើម៉ាកណាខ្លះដែលមានសិទ្ធិចុះបញ្ជី និងម៉ាកណាខ្លះពុំមានសិទ្ធិចុះបញ្ជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា?

យោងតាមមាត្រា ២ កថាខណ្ឌ “ក” នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានបញ្ញត្តិថា “ម៉ាក” គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់​លក្ខណៈ​ខុសគ្នា​នៃទំនិញ ឬសេវា​​នៃសហគ្រាសនីមួយៗ ។ ម៉ាកដែល​ប្រើប្រាស់​សម្រាប់ទំនិញ ហៅថា ពាណិជ្ជសញ្ញា ហើយម៉ាក​ដែលប្រើប្រាស់​សម្រាប់សេវា ហៅថា សេវាសញ្ញា ។ ម៉ាកអាចមាន​លក្ខណៈជា​ពាក្យ អក្សរ លេខ រូបភាព រូបសញ្ញា (ឡូហ្គូ) និមិត្តសញ្ញា ពណ៌ បង្គុំនៃពណ៌ ឬ បង្គុំនៃសញ្ញា ។

ឧទាហរណ៍៖ ម៉ាកជាអក្សរ ជាលេខ មានដូចជា៖

ម៉ាក New One

 

 

ម៉ាក Land Rover

 

 

ម៉ាក 555

 

 

ម៉ាកជារូបភាព ឬ រូបសញ្ញា (ឡូហ្គូ) ឬ និមិត្តសញ្ញា និងបង្គុំនៃពណ៌មានដូចជា៖

ម៉ាក Total

 

 

ម៉ាក Toyota

 

 

ម៉ាក SHELL

 

 

ទន្ទឹមនឹងនោះដែរ ក៏មានម៉ាកមួយចំនួនត្រូវបានហាមឃាត់ក្រោមច្បាប់ជាតិ មិនឲ្យធ្វើការចុះបញ្ជី ដើម្បីទទួលបានកិច្ចការពារនោះទេ ។ យោងតាមមាត្រា ៤ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបាន ដូចខាងក្រោម៖

- ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវា របស់សហគ្រាសមួយ ទៅនឹងសហគ្រាសមួយផ្សេងទៀត ។
- ម៉ាកដែលបណ្តាលឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ ។ ឧទាហរណ៍៖ ម៉ាកដែលប្រើពាក្យ ឬ រូបអាសអាភាស ទាំងដោយផ្ទាល់ និងដោយប្រយោល ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម ។
- ម៉ាកដែលនាំឲ្យសាធារណជន ឬមជ្ឈដ្ឋានពាណិជ្ជកម្ម ភាន់ច្រឡំទៅនឹងប្រភពភូមិសាស្ត្រទំនិញ ឬសេវាពាក់ព័ន្ធ ឬធាតុដើម ឬលក្ខណៈខាងក្រៅរបស់ទំនិញ ឬសេវានោះ ។ ឧទាហរណ៍៖ ការវេចខ្ចប់ម្រេចដែលដាក់នៅលើសំបកថា ជាម្រេចរបស់ខេត្តកំពត ប៉ុន្តែជាក់ស្តែងម្រេចនោះត្រូវបានគេដាំនៅខេត្តមណ្ឌលគីរី ។
- ម៉ាកដែលដូចគ្នានឹង ឬត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ ។
- ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែលគ្នា ដែលនាំឲ្យច្រឡំនឹងម៉ាក ឬពាណិជ្ជកម្មមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ សម្រាប់ទំនិញ ឬសេវាដូចគ្នា ឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត ។
- ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែលគ្នា ដែលនាំឲ្យច្រឡំនឹងម៉ាក ឬពាណិជ្ជកម្មមួយដែលល្បី ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ទំនិញ ឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះ ធ្វើឲ្យខូចខាតប្រយោជន៍របស់ម្ចាស់ម៉ាកល្បី ។
- ម៉ាកដែលដូច ឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុន នៅឯបរទេស ចំពោះទំនិញ ឬសេវាដូចគ្នា ឬទំនិញ ឬសេវាដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ។

ចំពោះម៉ាកដែលមិនមានចែងនៅក្នុងមាត្រា ២ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដូចជា ម៉ាកជាក្លិន, រសជាតិ ឬក៏សម្លេង សម្រាប់នៅបរទេសក៏គេ​ធ្វើការការពារទៅលើម៉ាកទាំងនោះដែរ ប៉ុន្តែដោយឡែកនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជាវិញ នៅមិ​នទាន់មានច្បាប់ណាបានបញ្ញត្តិចំពោះ​ការពារនូវម៉ាកទាំ​ងនោះនៅឡើយទេ មា​នន័យថាសញ្ញាដែលមិនអាចមើលឃើញ ច្បាប់ម៉ាកមិ​នទទួលឲ្យចុះបញ្ជី​ដើម្បីការពារ​នៅប្រទេស​កម្ពុជាទេ ។

ចំពោះការចុះបញ្ជីម៉ាក គឺត្រូវធ្វើឡើងនៅក្រសួង​ពាណិជ្ជកម្ម ដោយត្រូវ​ដាក់ពាក្យ​ស្នើសុំដែ​លមានភ្ជាប់ជា​មួយនូវ គំរូម៉ាក និងបញ្ជីទំនិ​ញ ឬសេវាដែ​លត្រូវចុះបញ្ជី ដោ​យរាយលំអិត​ តាមក្រុ​មមុខទំ​និញ ទៅតាមចំណាត់ថ្នាក់អន្តរជាតិ ។

• រយៈពេលការពារនៃម៉ាក

- ម៉ាកដែលបានចុះបញ្ជីហើយ មានសុពលភាព ១០ឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃការទទួលពាក្យស្នើសុំចុះបញ្ជី ។
- តាមការស្នើសុំ ការចុះបញ្ជីម៉ាកមួយ អាចធ្វើសាជាថ្មីសម្រាប់រយៈពេល ១០ឆ្នាំម្តង ជាបន្តបន្ទាប់ ក្នុងលក្ខខណ្ឌដែលម្ចាស់ដើមបង់អាករចុះបញ្ជីជាថ្មីតាមការកំណត់ ។
- ការអនុគ្រោះចំពោះការយឺតយ៉ាវក្នុងការចុះបញ្ជីសាជាថ្មី ត្រូវបានអនុញ្ញាតត្រឹមរយៈពេល ៦ខែ ។

• សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាក មានដូចខាងក្រោម៖

- ចំពោះម៉ាកដែលទាក់ទងនឹងទំនិញ ឬសេវា ដែលបានចុះបញ្ជីរួចហើយ ការប្រើប្រាស់ម៉ាកនោះ ដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន ។
- ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម ។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹងផងដែរ ចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទិនទៅនឹងទំនិញ និងសេវាដែលប្រហាក់ប្រហែលទៅនឹងទំនិញ ឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយ ដែលអាចបណ្តាលឲ្យមានការភាន់ច្រឡំជាសាធារណៈ ។
- សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាក នឹងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជី ឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកនោះទេ ។

សរុបមក ដើម្បីការពារនូវម៉ាកផលិតផលដែលជាស្នាដៃរបស់ខ្លួនបាន សិប្បករ ផលិតករ ឬម្ចាស់ម៉ាក ចាំបាច់ត្រូវយកម៉ាកដែលខ្លួនបានផលិត ឬបង្កើតឡើង ទៅចុះបញ្ជីម៉ាកនៅក្រសួងពាណិជ្ជកម្ម ជៀសវាងនូវការរំលោភបំពានទាំងឡាយ និងប្រើប្រាស់នូវម៉ាកដែលជាស្នាដៃបង្កើតឡើងរបស់ខ្លួន ដោយគ្មានការអនុញ្ញាតពីសំណាក់ដៃគូប្រកួតប្រជែង៕

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា សាំង សុភាព សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com ហេ្វសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group