(រតនគិរី)៖ ស្របពេលដែលពិធីបុណ្យចូលព្រះវស្សា នឹងចូលមកដល់ក្នុងពេលឆាប់ខាងមុខនេះ ឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកស្រី បានចាត់ឲ្យក្រុមការងារនាំយកទេយ្យទាន និងទៀនព្រះវស្សាប្រគេនព្រះសង្ឃចំនួន ៩វត្ត នៅខេត្តរតនគិរី។
ពិធីប្រគេនទេយ្យទាន និងទានព្រះវស្សានេះ បានរៀបចំតាមគន្លងព្រះពុទ្ធសាសនាក្នុងក្រុមហ៊ុន ទ្រី ភាព ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងលុង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។
បើតាមលោកតាអាចារ្យ យន់ សម្រួល ប្រាប់ឲ្យដឹងថា ពិធីបុណ្យចូលព្រះវស្សានេះ មានរយៈពេល៣ខែ នឹងចូលមកដល់នៅថ្ងៃ១រោច ខែអាសាឍរហូតដល់ថ្ងៃទី១៥កើត ខែអស្សុជ។ ចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធ ទ្រង់បញ្ញាត្តិឡើងដើម្បីឲ្យព្រះសង្ឃ សាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សា នៅក្នុងទីអារាម ដើម្បីសិក្សាព្រះធ៌មវិន័យ និងប្រតិបត្តិតាមពុទ្ធបញ្ញាត្តិ។ ជាការទ្រទ្រង់ដល់ព្រះសង្ឃ នៅក្នុងរយៈពេល៣ខែនេះ ប្រជាពុទ្ធបរិស័ទ តែងតែនាំយកទេយ្យទានដូចជាអង្ករ ទៀន ធូប ប្រេង ស្បង់ចីវរ ស្លាដក់ និងគ្រឿងសម្ភារដ៏ទៃទៀត ទៅប្រគេនព្រះសង្ឃគង់តាមទីអារាមនានា។
សូមបញ្ជាក់ថា ទេយ្យទាន និងទានព្រះវស្សា ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឧកញ៉ា ទ្រី ភាពប្រគេនក្នុង១វត្តៗ មានទៀនព្រះវស្សា១គូរ, អង្ករ១០០គីឡូក្រាម, ទឹកសុទ្ធឱរ៉ាល់២កេស, ទឹកក្រូច២កេស, ទឹកដោះគោខាប់១កេស, ត្រីខកំប៉ុង១កេសស្មើនឹង១០យួរ, មី១កេសធំស្មើនឹង៦កេសតូច, ប្រេងឆា៥លីត្រ(១ដប), ស្ករស៥គីឡូក្រាម, ខ្ទឹមស៥គីឡូក្រាម, អំបិល១ការ៉ុងតូច, ប្រេងម៉ាស៊ូត១កានស្មើនឹង៣០លីត្រ, ស្លាដក់១កញ្ចប់។ ប្រគេនព្រះសង្ឃបច្ច័យក្នុង១អង្គ២០ម៉ឺនរៀល និងបច្ច័យកសាងវត្ត ក្នុង១វត្តៗ៧០ម៉ឺនរៀលផងដែរ៕