(កណ្ដាល)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោកស្រី ទី បូរ៉ាស៉ី ប្រធានគណៈកម្មការទី៥ និងលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា ព្រមទាំងលោកស្រី បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងទេយ្យទានរបស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តសុគន្ធមានបុណ្យ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានលើកឡើងថា រដូវនេះជារដូវចូលវស្សាពុទ្ធបរិស័ទទូទាំងប្រទេស បាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុ បច្ច័យ យកទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាមគ្រប់ទីកន្លែង នៃប្រទេសកម្ពុជា ហើយក្នុងការចូលវស្សានេះ មានរយៈពេលតែ៣ខែ ព្រះសង្ឃគ្រប់វត្តអារាមទូទាំងប្រទេស មិនអាចនិមន្តចេញទៅបិណ្ឌបាត នៅទីណាបានឡើយ ហើយក្នុងចូលវស្សានោះពុទ្ធបរិស័ទតែងតែ នាំយកទានវស្សាទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។
លោកបានបញ្ជាក់ថា ទៀនវស្សា និងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃនេះ គឺដើម្បីលើកស្ទួយប្រជាពលរដ្ឋ ឲ្យកាន់តែយល់ដឹងអំពីវិស័យព្រះពុទ្ធសាសនា ប្រសើរឡើងក្នុងការធ្វើបុណ្យទាន និងចូលរួមចំណែក ការកសាងសមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឲ្យបានរីកចម្រើនរុងរឿងផងដែរ។
លោក ម៉ម ប៊ុននាង បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រទេសជាតិមានការរីកចម្រើន ទូទាំងប្រទេស ទាំងនៅក្នុងមូលដ្ឋានឃុំ និងក្នុងទីអារាម ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅយ៉ាងល្អប្រសើរផងដែរ។ ប្រទេសកម្ពុជា កន្លងមកជាប្រទេស ដែលធ្លាប់ខ្ទិចខ្ទាំដោយសង្គ្រាម ជួបប្រទះវិនាសកម្ម ដែលធ្វើឲ្យប្រជាជនរងទុក្ខលំបាក ប្រទេសជាតិបែកបាក់ ពុំដែលជួបប្រទះនូវឯកភាពជាតិអស់រយៈពេល ៤០០ឆ្នាំ កន្លងមកហើយ។ បច្ចុប្បន្នដោយសារនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាបានទទួលនូវសុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើន មានសិទ្ធិសេរីភាព ប្រជាធិបតេយ្យ ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ។
ទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងបរិក្ខារដែល ត្រូវបាននាំយកមកប្រគេនព្រះសង្ឃនាពេលនេះ រួមមាន៖ អង្ករ១តោន, ទឹកសុទ្ធ១កេស, មី១កេសធំ, ប្រេងឆា១ធុង, ទឹកដោះគោ១កេស, ត្រីខ១កេស, ទឹកក្រូច១កេស, ទឹកផ្លែឈើ១កេស, ត្រីងៀត៣គីឡូ, សាច់ក្រក៣គីឡូ, ខ្ទឹមស៣គីឡូ, ប៊ីចេង៣គីឡូ, អំបិល១០គីឡូ, ស្ករស៥គីឡូ, ទឹកត្រី២យួ, សាប៊ូបោកខោអាវ១កេស, សាប៊ូលាងចាន១ធុង (៣០លីត្រ) ប៉ុងមួយឡូ, ប្រដាប់ដុសឆ្នាំង១យួរ, តែ១កញ្ចប់, ទៀនវស្សា១គូរ និងបច្ច័យ១០លានរៀល ព្រមទាំងតាជី យាយជី ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល ប្រជាពលរដ្ឋចំនួន១២០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀល ដែលចំណាលថវិកាសរុប១៦,១០០,០០០រៀល។
ជាមួយគ្នានេះលោក ម៉ម ប៊ុននាង បានទទួលកសាងដងទង់មួយគូរ ដោយឡែកលោកស្រី ទី បូរ៉ាស៊ី បាននាំយកបច្ច័យចំនួន១,០០០ដុល្លារ ដើម្បីចូលរួមកសាងវត្តផងដែរ៕