(ស្វាយរៀង)៖ អាជ្ញាធរខេត្តស្វាយរៀង កំពុងចាត់វិធានការជាបន្តបន្ទាប់ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិក ឲ្យកាន់តែមានប្រសិទ្ធភាព។
ជាក់ស្តែងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានការចូលរួមពីលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ, លោក ភោគ វណ្ណថន មេឃុំក្រោលគោ ព្រមទាំងមន្រ្តីអន្តរាគមន៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ស្រុកជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានឧបត្ថម្ភដល់ម្ចាស់កសិដ្ឋានចំនួន ២០០,០០០រៀល សម្រាប់ទិញថ្នាំការពារមេរោគ និងបានផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋបានគ្រប់គ្រួសារចំនួន ៩ ភូមិក្នុងរង្វង់ ៣គីឡូម៉ែត្រ ក្នុងរង្វង់ហ៊ុព័ទ្ធនៃជំងឺប៉េស្តជ្រូកអាហ្វិ្រក ដោយបានបាញ់ថ្នាំសម្លាប់មេរោគបាន ១៧លើក និងបាន១០៦ទ្រុង ដើម្បីការពារមេរោគក្នុងឃុំក្រោលគោ។
សូមបញ្ចាក់ថា បច្ចុប្បន្ននេះ ស្ថានភាពជ្រូកនៅភូមិឫស្សីជួរខាងត្បូង មានសភាពស្ងប់ស្ងាប់សត្វជ្រូកនៅក្នុងទ្រុងសរុប ២៧ក្បាល (គិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩)។
អាជ្ញាធរដែនដី ខេត្ត ស្រុក ឃុំ ភូមិ បានសហការជាមួយក្រុមអន្តរាគមន៍ពេទ្យសត្វយ៉ាងសកម្ម បន្តតាមដានឃ្លាំមើល អប់រំផ្សព្វផ្សាយ និងអនុវត្តវិធានការណ៍ទប់ស្កាត់តាមប្រកាសរបស់ក្រសួង និងសេចក្តីណែនាំរបស់ខេត្តស្វាយរៀង មកដល់ពេលនេះស្ថានភាពនៃការរីករាលដាលមានសភាពធូរស្រាល៕