(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារកសាងគណបក្សកសាងអង្គការសហជីព តាមរោងចក្រ សហគ្រាស ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានសហការជាមួយ ក្រុមការងារកសាងគណបក្ស កសាងអង្គការសហជីព រាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល ជាមួយសមាជិកសមាជិកា សាខាគណបក្ស សហជីពមូលដ្ឋានតាមរោងចក្រ សហគ្រាស ក្នុង ខណ្ឌមានជ័យចំនួន ១២២៥នាក់ ក្រោមអធិបតីភាពរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានរំលឹកពីរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ របស់ប៉ុលពត និងបានលើកឡើងពីគុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍នេះ ធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ដើម្បីឱ្យបងប្អូនកម្មករកម្មការិនីបានយល់ដឹង។
លោក ពេជ្រ កែវមុនី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌមានជ័យ បានឲ្យដឹងថា នៅខណ្ឌមានជ័យមានរោងចក្រចំនួន ៣០រោងចក្រ។
ក្រោយពីបញ្ចប់ពិធីសំណេះសំណាលនោះ លោក ឃួង ស្រេង ក៏បានឧបត្ថម្ភជាថវិកាមួយចំនួន ដល់កម្មករ-កម្មការិនី ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាង ១ពាន់នេះផងដែរ ដោយក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល៕