(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអះអាងថា ក្នុងរង្វង់១ឆ្នាំចុងក្រោយនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបបទល្មើសចំនួន២.០៨៥លើក ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន៣.៨១៣នាក់ នៅទូទាំងប្រទេស។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់បែបនេះ នៅក្នុងពិធីខួបលើកទី២៦ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤កក្កដា១៩៩៣-១៤កក្កដា២០១៩) ដែលរៀបចំឡើងនៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា ក្នុងរង្វង់១ឆ្នាំចុងក្រោយនេះ កងរាជអាវុធហត្ថ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសចំនួន២.០៨៥លើក បានរកឃើញបុគ្គលសង្ស័យចំនួន ៣.៨១៣នាក់ ក្រោយពីការស៊ើបអង្កេតបានឃាត់ខ្លួនជនដែលសង្ស័យប្រព្រឹត្តបទល្មើសចំនួន ៣.៣៦៣នាក់ និងចាប់យកវត្ថុតាងបញ្ជូនទៅតុលាការ។
លោកបានបន្តថា រីឯជនដែលគ្មានការពាក់ព័ន្ធចំនួន៤៥០នាក់ ឱ្យវិលទៅលំនៅឋានវិញ។ កងរាជអាវុធហត្ថក៏ទទួលបានបណ្តឹងចំនួន២៨២បណ្ដឹង ដោយបានចាត់ការបណ្តឹងចំនួន ១១៩បណ្តឹង នៅសល់ ១៦៣បណ្ដឹង កំពុងបន្តតាមនីតិវិធី។ កងរាជអាវុធហត្ថទទួលដីកាចំនួន៤.១៥៦ដីកា អនុវត្តកំពុងអនុវត្តបន្តតាមដីកាបានចំនួន២.៦០៦ដីកា នៅសល់១.៥៥០ដីកា កំពុងអនុវត្តបន្តតាមនីតិវិធីថែមទៀត។
ក្រៅពីការងារអនុវត្តច្បាប់ កងរាជអាវុធហត្ថ ក៏បានការពារសន្តិសុខសណ្តាប់ធ្នាប់ទាំងដោយផ្ទាល់ និងប្រយោល ជូនដល់គណៈប្រតិភូជាតិ អន្តរជាតិ កិច្ចប្រជុំតូចធំ ពិធីសម្ពោធសមិទ្ធផលនានារបស់ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងពិធីបុណ្យផ្សេងៗ ធ្វើសកម្មភាពសរុបចំនួន១២៨.៣៩៣លើក។ នេះបើតាមនាយឧត្តមសេនីយ៍ សៅ សុខា។
កងរាជអាវុធហត្ថ បានធ្វើការងារចលនាមហាជន ជាពិសេសបានធ្វើការអប់រំអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារគ្រឿងញៀនជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត និងយោធិន នៅតាមបណ្តារាជធានី-ខេត្តចំនួន១៥៨លើក អ្នកចូលរួមស្តាប់ចំនួន២៣៩.០៩០នាក់ព្រមទាំងចូលរួមកសាងសមិទ្ធផលនានា៕