(មណ្ឌលគិរី)៖ រហូតមកដល់ល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ មន្ដ្រីជំនាញទាំង៥នាក់ ដែលធ្វើការពាក់ព័ន្ធទៅនឹងព្រៃឈើ ហើយត្រូវកម្លាំងអាវុធហត្ថហៅយកទៅសួរនាំនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ធ្វើការសួរនាំអស់ជាច្រើនម៉ោង ពោលតាំងពីព្រឹកទល់ល្ងាចម៉ោងជាង៥។
ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី បានរាយការណ៍ថា បន្ទាប់ពីធ្វើការសួរនាំអស់ជាច្រើនម៉ោង គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អនុញ្ញាតឲ្យមន្ដ្រីទាំង៥នាក់នោះ ត្រឡប់ទៅផ្ទះវិញហើយ។
សេចក្ដីរាយការណ៍បានបញ្ជាក់ទៀតថា បន្ទាប់មានមន្ដ្រីទាំង៥នាក់នេះទៅ នឹងមានមន្ដ្រីជាច្រើនរូបផ្សេងទៀត ដែលនឹងត្រូវហៅមកសួរនាំជាបន្ដបន្ទាប់ ពាក់ព័ន្ធការគ្រប់គ្រងការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលអាចមានបទល្មើសព្រៃឈើកើតឡើង។
សូមបញ្ជាក់ថា យោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News នៅខេត្ដមណ្ឌលគិរី បានឲ្យដឹងថា មន្ដ្រីទាំង៥នាក់នោះ ស្ថិតនៅក្នុងមន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន រួមមាន៖
*ទី១៖ លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
*ទី២៖ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន
*ទី៣៖ លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើ
*ទី៤៖ លោក ប៉ែត ភ័ក្រ្តា ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពក ឬហៅថានាយដែនជម្រកសត្វព្រៃស្រែពក
*ទី៥៖ លោក ហាន សុខន ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិច ឬហៅថា នាយកដែនជម្រកសត្វព្រៃភ្នំព្រិច។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានចេញប្រតិបត្តិការយ៉ាងក្ដៅគគុក ចុះបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី រហូតមានការចាប់ខ្លួន ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ព្រមទាំងកម្ទេចវត្ថុតាងជារថយន្ដ និងដកហូតរថយន្ដដឹកឈើខុសច្បាប់ជាច្រើនគ្រឿងផងដែរ៕
«លោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»
«លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថាន»