(ព្រះសីហនុ)៖ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាកម្ពុជា លោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែក្កដា ឆ្នាំ២០១៩នេះ បានចុះសំណេះសំណាល និងថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំង និងសប្បុរសជនដែលបានចូលរួមប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តព្រះសីហនុ ចំនួន១៤៧២នាក់។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ស្តែងចេញពីឧបទ្ទវហេតុនៃការរលំអគារ បានបង្ហាញពីការចូលរួមរបស់ប្រជាជនខ្មែរ មិនថាមកពីទីណាដើម្បីរំដោះ និងសង្គ្រោះអាយុជីវិតប្រជាជនខ្មែរ។
លោកបានបន្តថា ក្នុងថ្ងៃកើតហេតុនោះ ទោះបីជានៅឆ្ងាយយ៉ាងណា ឬនៅទីកន្លែងណាក៏ប្រជាជនខ្មែរនៅតែខ្វល់ខ្វាយ តាមដានពីសុខទុក្ខ និងបន់ស្រន់សូមឱ្យបងប្អូនខ្មែរមានសុវត្ថិភាព។ ក្រុមការងារ ស្ថាប័នទាំងអស់ មានសរុបជាង១១ស្ថាប័នមករួបរួមគ្នា មកសហការរួមគ្នា មកជាកម្លាំងរួមផ្សំគ្នា។ នេះជាគំរូវីរៈភាពសម្រាប់មនុស្សជំនាន់ក្រោយ និងបានបញ្ជាក់រឹតតែច្បាស់ថា កម្ពុជាមិនមែនជាសង្គមសក់អ្នកណាក្បាលអ្នកនោះ។ បេសកកម្មនេះ គឺមិនមែនជាការចាត់តាំង តែជាសកម្មភាពដែលកើតចេញពីចិត្តយ៉ាងពិតប្រាកដ។
តំណាងរាស្រ្តរូបនេះបានបញ្ជាក់ទៀតថា មិនថាជាការវិនិយោគនៅថ្ងៃនេះ ឬថ្ងៃក្រោយ ត្រូវតែដាក់ផលប្រយោជន៍ខ្មែរជាចម្បង។
លោកក៏បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានយកចិត្តទុកដាក់ និងបានលើកទឹកចិត្តដល់ក្រុមសង្គ្រោះក្នុងឧបទ្ទវហេតុ។
សូមបញ្ជាក់ថា កាលពីវេលាទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីរលំបាក់សំណង់អគារកម្ពស់៧ជាន់មួយ នៅខេត្តព្រះសីហនុ ដែលបានបណ្តាលឱ្យមានអ្នកស្លាប់២៨នាក់ និងអ្នករបួស២៦នាក់។ ករណីនេះ ក្រុមសង្រ្គោះ និងរុករកសាកសពកប់នៅក្នុងកម្ទេចអគារ ដែលមានចម្រុះអង្គភាព បានបើកប្រតិបត្តិការរបស់ខ្លួន២ថ្ងៃកន្លះ ទើបរកឃើញជនរងគ្រោះទាំងអស់ ដែលកប់ក្នុងអគារ៕