(ក្រចេះ)៖ ជនសង្ស័យ២នាក់ និងគ្រឿងញៀនជាងកន្លះគីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានកងកម្លាំងរាជអាវុធហត្ថក្រុងក្រចេះ ឃាត់ខ្លួន និងដកហូតបាននៅចំណុចភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។
ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ គ្រឿងញៀនធ្វើឡើងក្រោមបញ្ជារបស់ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយ លោក ផាត សុភ័ក្រ្ត វាសនា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ដោយមានសម្របសម្រួលពីសំណាក់លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ នៅល្ងាចថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩នេះ។
លោក ផាត សុភ័ក្រ្ត វាសនា បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមានទី១៖ ឈ្មោះ ធឿន រស្មី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី២៖ ឈ្មោះ សំ សុជា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរ រស់នៅភូមិការប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។
វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ស ម៉ាទឹកកចំនួន៦កញ្ចប់ ធំ៥និងតូច១កញ្ចប់ទំងន់ស្មើរ ៥១០,៥៤g ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ូតូ Dream C125 ស៊េរីឆ្នាំ២០១៨ ១គ្រឿង ពាក់ស្លាក់លេខ ភ្នុំពេញ1GS0453។
បច្ចប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវកម្លាំងរាជអាវុធហត្ថឃុំខ្លួនជាបណ្តោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ដើម្បីបន្តនីតិវិធីច្បាប់៕