(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានឈើឆ្លងកាត់ស្ទឹង៤កន្លែង និងសមិទ្ធផលនានាជាច្រើនទៀត ដែលមានតម្លៃជិត២ម៉ឺនដុល្លារ ស្ថិតក្នុងភូមិពោធិ៍របង ភូមិពោធិ៍កុដ ភូមិចេកចៅ ភូមិកំពង់ឡ ភូមិរលួសខាងកើត ភូមិរលួសកណ្តាល និងភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ដែលសមិទ្ធផលទាំងអស់នេះ ទទួលបានមកតាមរយៈក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានឃុំ-ស្រុក។
ពិធីនេះត្រូវបានធ្វើឡើង នៅក្នុងបរិវេណផ្ទះប្រជាពលរដ្ឋ ក្បែរស្ពាន ស្ថិតក្នុងភូមិពោធិ៍កុដ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ដោយមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការ ក្រុមការងារចុះជួយ ឃុំ ស្រុក និងប្រជាពលរដ្ឋ ជិត១ពាន់នាក់។
លោក ម៉ៅ ធនិន បានថ្លែងថា ស្ពានឈើឆ្លងកាត់ស្ទឹង៤កន្លែង និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងឃុំកំពង់ពោធិ៍ ស្រុកក្រគរ គឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត កើតចេញពីកម្លាំងចូលរួម របស់ក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំកំពង់ពោធិ៍ ដែលមានលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង។ លោកបានឲ្យដឹងថា លោក កែវ រតនៈ គឺកុលបុត្រដ៏ឆ្នើមមួយរូប ដែលមានកំណើតឡើងក្នុងទឹកដី នៃខេត្តពោធិ៍សាត់ ហើយវត្តមានរបស់លោក កែវ រតនៈ បានមកកាន់ជាប្រធានក្រុមការងារ នៅស្រុកក្រគរ និងកណ្តៀង គឺជាភ័ព្វសំណាងធំបំផុត របស់ប្រជាពលរដ្ឋស្រុកទាំង២។
លោកបានបន្តថា សមិទ្ធផលនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលកន្លងមកជួបការលំបាក ព្រោះគ្មានស្ពានឆ្លងកាត់ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ជាពិសេសសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន និងទៅកាន់មណ្ឌលសុខភាពជាដើម។
លោកអភិបាលខេត្ត បានថ្លែងទៀតថា ជាង៤០ឆ្នាំកន្លងមកនេះ សង្គមជាតិទាំងមូលទទួលបានសុខសន្តិភាព ស្ថិរភាព និងកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់ទីកន្លែង ក្នុងនោះក៏មានស្រុកក្រគរផងដែរ។ នេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ តាមរយៈសមិទ្ធផលនេះ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ បន្តចូលរួមប្រើប្រាស់ និងថែរក្សាសមិទ្ធផលទាំងនេះ ឲ្យបានគង់វង្សល្អ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ កុំជឿលើជនមួយក្តាប់តូច ដែលដើរតែភូតភរ និងសន្យាខ្យល់, សូមចូលរួមដំណើរជាមួយ សម្តេចតេជោ ដើម្បីបានបន្តគ្រប់គ្រងដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានចែកអំណោយជានិម្មិតរូប ជាសាប៊ូ និងថ្នាំសង្កូវ ជូនប្រជាពលរដ្ឋ ដែលចូលរួមក្នុងកម្មវិធី និងបានប្រគេនទេយ្យទាន ទៀនវស្សា សម្ភារបរិក្ខា និងបច្ច័យ ជូនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តចំនួន៤ ក្នុងឃុំកំពង់ពោធិ៍ ស្រុកក្រគរ ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រសួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ៕