(ពោធិ៍សាត់)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីបច្ចេកទេស អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះ ស្រូវប្រជាពលរដ្ឋចំនួន៥០០ហិកតា ស្ថិតក្នុងភូមិស្ថានីយ ឃុំកណ្តៀង ស្រុកកណ្តៀង ដោយប្រើប្រាស់ស្ថានីយបូមទឹកសម្តេចតេជោ (ស្ថានីយហ៊ុនសែនទី៥)។
ពេលជួបសំណេះសំណាលជាមួយតំណាងអាជ្ញាធរឃុំ និងប្រជាពលរដ្ឋនៅទីតាំងខាងលើ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្រ្តី ដែលបានជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ លើបញ្ហាកង្វះខាតទឹក ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្នបានទាន់ពេលវេលា។
ជាមួយគ្នានេះ រដ្ឋមន្រ្តី លឹម គានហោ បានសំណូមពរ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម ត្រូវក្តាប់សភាពការណ៍ទឹកឲ្យបានល្អ និងខិតខំជួយដោះស្រាយបញ្ហាកង្វះខាតទឹក ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
នារសៀលថ្ងៃដដែលនោះ លោករដ្ឋមន្រ្តី បានបន្តដំណើរចុះពិនិត្យវឌ្ឍនភាព នៃការងារសាងសង់ប្រព័ន្ធធារាសាស្រ្ត ដំណាក់ឈើក្រំ ដែលជាគម្រោងកាត់ស្ទឹងពោធិ៍សាត់ ផ្នែកខាងលើស្ថិតក្នុងស្រុកក្រវាញ ខេត្តពោធិ៍សាត់ ក្រោមកិច្ចសហការណ៍ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ADB។
នៅពេលចុះពិនិត្យទីតាំងខាងលើ លោក លឹម គានហោ បានកោតសសើរ និងវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែង និងលទ្ធផលដែលក្រុមការងារសម្រេចបាន ព្រមទាំងបានណែនាំលើលក្ខណៈបច្ចេកទេស ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ ពង្រឹងលើគុណភាពសំណង់ ដើម្បីប្រើប្រាស់ជាប្រយោជន៍នាពេលបច្ចុប្បន្ន និងទៅអនាគត៕