(កំពង់ចាម)៖ លោក ឯម កុសល សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈកម្មការខ.២៧ ជួយឃុំទួលសំបួរ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារខ.២៧ នាំយកនូវទៀនវស្សា ទេយ្យទាន និងទេយ្យវត្ថុរបស់លោក ហ៊ុន ណេង អនុប្រធានទី១ ថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ប្រគេនដល់ព្រះសង្ឃចំនួន០៨អង្គ ស្មើនឹង០៣វត្ត រួមមាន វត្តឧបុល្លគីរី វត្តសាមគ្គីមនីគីរីរង្សី និងវត្តគីរីសុវណ្ណារាម ក្នុងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់។
ទេយ្យវត្ថុ និងទេយ្យទាន រួមមាន ទៀនវស្សា០៤គូរ, ស្លាដក់០៨សម្រាប់, អង្ករ០៣បេ, មី៨កេស, ទឹកសុទ្ធ០៨កេស, ទឹកក្រូច១៦កេស, ទឹកត្រី០៨យួរ, ទឹកស៊ីអ៊ីវ០៨យួរ, ប្រេងម៉ាស៊ូត២កាន, ព្រះសង្ឃចំនួន០៨អង្គ ក្នុង០១អង្គ បច្ច័យ១០ម៉ឺនរៀល។ ក្នុងនោះ ក៏បានជូនបច្ច័យដល់តាជី យាយជី ចំនួន៧០នាក់ ក្នុងម្នាក់ បច្ច័យ១ម៉ឺនរៀល និងសំពតចំនួន០១។
ក្នុងឱកាសនោះដែរ លោក ឯម កុសល ក៏បានឲ្យក្រុមជាងជំនាញ ត្រួតពិនិត្យដំបូលពិដានវត្តឧបុល្លគីរី ដែលរងការធ្លុះធ្លាយ និងត្រូវជួសជុលពិដានថ្មី ព្រមទាំងបានគ្រោងរៀបចំដង្ហែអង្គកឋិនទានសាមគ្គី មកកាន់វត្តឧបុល្លគីរី នៅរដូវចេញព្រះវស្សា ខាងមុខនេះ។
កម្មវិធីបន្ទាប់ លោក ឯម កុសល និងក្រុមការងារបានជួបប្រជុំសំណេះសំណាល និងពង្រឹងការងារបក្ស នៅទីស្នាក់ការបក្សឃុំ ដែលមានការអញ្ជើញចូលរួមពី គណបក្សឃុំ ក្រុមប្រឹក្សាបក្សឃុំ សាខាបក្សភូមិ ក្រុមយុវជន សរុបចំនួន៥២នាក់ និងបាននាំយកនូវថវិកា និងភេសជ្ជមួយចំនួន ផ្ដល់ជូនប្រធានគណបក្សឃុំ ប្រធានស្នាក់ការបក្សឃុំ ប្រធានបក្សភូមិទាំង០៤ សរុបចំនួន០៦នាក់ ផ្ដល់ជូនសរុបនូវទឹកក្រូច១០កេស ទឹកសុទ្ធ០៥កេស ព្រមទាំងថវិកាក្នុងម្នាក់ៗ ១០ម៉ឺនរៀល និងអាវចំនួន០១។ ក្រុមប្រឹក្សាបក្សឃុំ សាខាបក្សភូមិទាំង០៤ និងក្រុមយុទ្ធជន សរុបចំនួន៥២នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣ម៉ឺនរៀល និងអាវចំនួន០១។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ឯម កុសល បានបន្តជួបសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម ចំនួន០៣តំបន់ (ស្ពានទី០៣, ច្រកបង្គង, បុស្សកន្ទួត) ស្ថិតក្នុងភូមិពោន ក្នុងមួយតំបន់ទទួលបានថវិកា១០ម៉ឺនរៀល ទឹកក្រូច១០កេស នំ០១ធុងធំ សរុបជាថវិកាចំនួន១,៤១០,០០០រៀល។ ថវិកាសរុបរួម ក្នុងការចំណាយរបស់ លោក ហ៊ុន ណេង សរុបចំនួន៨,៣៦៦,០០០រៀល៕