(កំពង់ធំ)៖ ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវចូលព្រះវស្សា លោក ងួន រាសី នាយកខុទ្ទកាល័យលោកបណ្ឌិត ងួនញ៉ិល អនុប្រធានទី១ រដ្ឋសភាព្រមទាំងលោក លោកស្រីជាទីប្រឹក្សា ជំនួយការ បាននាំយកបរិក្ខារ ទេយ្យទាន និងបច្ច័យទៀនព្រះវស្សាចំនួន២២គូ ដែលជាសទ្ធាជ្រះថ្លា របស់លោក ងួន ញ៉ិល យកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាល១ត្រីមាស នៅក្នុងខេត្តកំពង់ធំ។
បរិក្ខារ ទេយ្យទាន និងបច្ច័យទៅវេរប្រគេនដល់ ព្រះសង្ឃដែលគង់ចាំព្រះវស្សារអស់កាលត្រីមាស រួមមាន ទៀនព្រះវស្សាចំនួន២២គូ បន្តដល់វត្តចំនួន១១វត្ត ក្នុងស្រុកបារាយណ៍ និងក្រុងស្ទឹងសែន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ដែលពិធីនេះធ្វើទៅតាមទំនាមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ក្នុងវត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ។
ក្នុង១វត្តទទួលបាន ទឹកសុទ្ធ៥កេស, ទឹកស៊ីអ៊ីវ៥យួរ, ទឹកត្រី៥យួរ, មី៥កេស, ទឹកក្រូច៦ដប, ទឹកដោះគោ១០កំប៉ុង, អង្ករ១៥០គីឡូក្រាម, ទៀនវស្សា១គូ និងបច្ច័យ១លាន២សែនរៀល ទាំង១១វត្ត សរុបជាទឹកប្រាក់អស់ជិត២២លានរៀល។
លោក ងួន រាសី បានលើកឡើងថា រដូវនេះជារដូវចូលវស្សាពុទ្ធបរិស័ទទូទាំងប្រទេស បាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុ បច្ច័យ យកទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាមជាហូរហែរ ហើយក្នុងការចូលវស្សានេះ មានរយៈពេលតែ៣ខែព្រះសង្ឃគ្រប់វត្តអារាមទូទាំងប្រទេស មិនអាចនិមន្តចេញទៅបិណ្ឌបាត នៅទីណាបានឡើយ ហើយក្នុងចូលវស្សានោះពុទ្ធបរិស័ទតែងតែនាំយកទានវស្សាទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។
ក្នុងនោះ លោកក៏បានលើកឡើងពីការរីកចម្រើន និងកំពុងអភិវឌ្ឍន៍ក្នុងខេត្តកំពង់ធំ អំពីវិស័យពុទ្ធចក្រវត្តអារាម និងព្រះសង្ឃជាដើម។ លោក ងួន រាសី បានបញ្ជាក់ទៀតថា ទៀនវស្សា និងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃនេះ គឺដើម្បីលើកស្ទួយប្រជាពលរដ្ឋឲ្យកាន់តែយល់ដឹងអំពីវិស័យព្រះពុទ្ធសាសនា ប្រសើរឡើងក្នុងការធ្វើបុណ្យទាន និងចូលរួមចំណែក ការកសាងសមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនា និងផ្នែកអាណាចក្រឲ្យបានរីកចម្រើនរុងរឿងផងដែរ។
លោកបានចែកអំណោយជូនដល់យាយជី តាជី ចំនួន៣០នាក់ ក្នុងម្នាក់ទទួលបានក្រណាត់ស១ដុំ និងថវិកាចំនួន១,០០០០រៀលផងដែ៕