(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា អមដំណើរដោយមន្រ្តីក្រោមឱវាទសាលារាជធានីភ្នំពេញ និងអភិបាលខណ្ឌទាំង១៤ បាននាំយកទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន ១៥០វត្តទូទាំងរាជធានីភ្នំពេញ ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រសួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ។
កម្មវិធីដង្ហែទានព្រះវស្សានេះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកជាទីបំផុត ប្រកបដោយសទ្ធាជ្រះថ្លាស្ថិតនៅក្នុងទីអារ៉ាមវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ដោយមានព្រះសង្ឃពុទ្ធបរិស័ទនិមន្តអញ្ចើញចូលរួមយ៉ាងច្រើនកុះករ។
លោក ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីដង្ហែរទៀនព្រះវស្សានេះ ទៅកាន់គ្រប់វត្តទាំងអស់ទូទាំងរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ តាមគន្លងបវេណីរបស់ព្រះពុទ្ធសានា។
ឆ្លៀតក្នុងឱកាសនោះ លោកបានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូរធា បានចូលរួមកសាងទីវត្តអារ៉ាមឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។
លោកបន្តថា សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកបានស្នើសុំឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទំាងអស់ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលរបស់ជាតិយើងឲ្យបានគង់វង្ស ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។
ក្នុងកម្មវិធីប្រគេនទានព្រះវស្សាទាំង១៥០វត្តនេះ ក្នុង១វត្តៗ ទទួលបានបច្ច័យ១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម ប្រេងមួយកាន ចំណុះ៣០លីត្រ ស្កស១បាវទំងន់២៥គីឡួក្រាម ទឹកដោះគោចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស។
ក្នុងនោះ លោកអភិបាលរាជធានី ក៏បានផ្តល់អំណោយដល់យាយជីតាជី ចំនួន ៥០នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ២ម៉ឺនរៀល និងក្រណាត់ស១ដុំ សិស្សនិស្សិត ស្នាក់នៅក្នុងវត្ត ចំនួន ៩៥នាក់ អង្ករ ១តោន និងម្នាក់ៗ ២ម៉ឺនរៀល ។
សូមបញ្ជាក់ថា ពិធីចូលកាន់ព្រះវស្សា គឺជាបុណ្យមួយដែលមានសារ:សំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវាលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យឲ្យបានខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ ក្នុងរយ:ពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ៕