(បន្ទាយមានជ័យ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អនុប្រធានកិត្តិ យសសាខា នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសចាត់តាំងថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានសាខាក្រុង ស្រុក សង្កាត់ ឃុំប្រមាណ២០៣នាក់ នៅសាលាប្រជុំខេត្តបន្ទាយមានជ័យ។

ក្នុងអង្គសន្និបាតអាណត្តិទី៥នេះ កាកបាទក្រហមកម្ពុជា បានចាត់តាំងលោក ខេង ស៊ុម ជាប្រធានកិត្តិយស, លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជាអនុប្រធានកិត្តិយស និងលោក អ៊ុ រាត្រី ជាប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្ត ព្រមទាំងមន្រ្តីសរុបចំនួន ៤៨រូប។

ក្នុងឱកាសនោះ សន្និបាតសាខា បានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលមានសមាសភាព១៥រូប។ ជាមួយគ្នានេះ យោងកំណត់ហេតុកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសាខា អាណត្តិទី៥ សម្រេចឯកភាពគ្នាជាឯកឆន្ទជ្រើសរើសលោក លី សារី អនុប្រធានអចិន្ត្រៃយ៍, លោក សួន សុធី អនុប្រធាន, លោកស្រី ឆាន់ ចន្ទសោភា អនុប្រធាន, លោក យុត ស្វិនី ហិរញ្ញិក និងលោកស្រី ស្រី សុខុម ជាលេខាធិការគណៈកម្មាធិការសាខា។

តំណាងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អាណត្តិទី៥ លោក អ៊ុ រាត្រី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំគឺកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម រួមមាន៖ ភាពមនុស្សធម៌​ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា ប្រធានកិត្តិយល ប្រធានសាខាខេត្ត និងសមាជិកសមាជិកាគ្រប់រូបត្រូវ៖

*ទី១៖ សូមរក្សាសាមគ្គីភាពឱ្យបានជិតស្និទ្ធ
*ទី២៖ បន្តពង្រឹងសមត្ថភាព បុគ្គលិកសាខា អនុសាខា បំពាក់បំប៉នការយល់ដឹងពីការរៀបចំ និងដំណើប្រព្រឹត្តទៅរបស់សាខា អនុសាខា ទៅតាមលក្ខណៈវិនិឆ្ឆ័យសាខាមានដំណើរការល្អ
*ទី៣៖ បន្តពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា បំពេញការងារតាមគោលការណ៍គ្រឹះទាំង៧របស់ចលនា គ្រប់គ្រងគម្រោងអភិវឌ្ឍនសាខាឲ្យកាន់តែរីកចំរើន និងធ្វើសកម្មភាពដូចភ្លៀងរលឹម
*ទី៤៖ បន្តពង្រឹង និងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឲ្យនៅតែជាបណ្តាញដ៏រឹងមាំ និងជាកម្លាំងចលករ នៃសេវាកម្មមនុស្សធម៌ មាននិរន្តរភាព និងប្រកបសោយប្រសិទ្ធភាព *ទី៥៖ បន្តការគាំទ្រ ពង្រឹង ពង្រីកសមាជិកភាព សប្បុរសជន លើកកម្ពស់ការកៀរគររកមូលនិធិ ឲ្យមានការចូលរួមដោយស្ម័គ្រចិត្ត តាមសទ្ធាជ្រះថ្លា ប្រាសចាកពីការបង្ខិតបង្ខំ ការដាក់កំហិត និងត្រូវរក្សាឲ្យបានតម្លាភាព និងគណនេយ្យភាព ក្នុងការប្រើប្រាស់មូលនិធិ និងទ្រព្យសម្បត្តិរបស់សាខា
*ទី៦៖ បន្តលើកកម្ពស់ចង់ក្រងឯកសារស្តីពីការទទួលផល ការថែទាំនូវសម្ធិផល របស់កាកបាទក្រហមកម្ពុជា បានផ្តល់ជូនសមាគម និងបន្តនិរន្តរភាពការងារនៅតាមសមាគម
*ទី៧៖ បន្តពង្រឹង និងលើកកម្ពស់ការអនុវត្តនូវរបបរាយការណ៍សកម្មភាព និងរបាយការណ៍វឌ្ឍនភាពរបស់សាខា អនុសាខា និងត្រូវផ្តល់របាយការណ៍ទាំងនោះ ជូនស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ឲ្យបានទៀងទាត់ តាមកាលបរិច្ឆេទកំណត់។

សន្និបាតនេះក៏បានសម្រេចរួមមាន៖

*ទី១៖ ស្តាប់ និងកែសម្រួល និងអនុម័តរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងអាណត្តិទី៤ និងផែនការទិសដៅអាណត្តិទី៥ (២០១៩-២០២៥)
*ទី២៖ បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥
*ទី៣៖ ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា៕