(កោះកុង)៖ លោកវេជ្ជ ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ថា អត្រាជំងឺគ្រុនឈាម រយៈពេល ៦ខែដើមឆ្នាំ២០១៩ មានអត្រាខ្ពស់រហូតដល់ ៦៩០ករណី ហើយមានកុមារស្លាប់ម្នាក់ដែលរស់នៅតាមកោះដាច់ស្រយ៉ាល។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងបន្តថា ក្រោយពីពិនិត្យទៅលើរបាយការណ៍នៅគ្រប់មន្ទីរពេទ្យឃើញថា ជំងឺគ្រុនឈាមនៅតែមានកំណើនខ្ពស់ ហេតុដូច្នេះ មន្ត្រីសុខាភិបាលខេត្ត នៅតែបើកយុទ្ធនាការ បាញ់ថ្នាំបំបាត់ជម្រកមូសខ្លា ហើយដាក់ថ្នាំអាបែតបន្តរាល់ថ្ងៃ នៅតាមភូមិសាលារៀន គ្រប់បណ្តាស្រុកគ្រប់មូលដ្ឋាន និងធ្វើការអប់រំប្រជាពលរដ្ឋបានយល់ដឹងផងដែរ។
បើមន្ត្រីជំនាញរកឃើញជំងឺគ្រុនឈាមមានកំណើននៅមូលដ្ឋានណាដែលមានអត្រាខ្ពស់ មន្ត្រីជំនាញចុះប្រតិបត្តិការឲ្យបានរហ័សដោយមិនចាំស្អែកឡើយ ព្រោះជំងឺគ្រុនឈាម វាអាចកើតលើមនុស្សគ្រប់វ័យមិនថា ចាស់ ឬក្មេងនោះទេ ហើយវាប្រឈមគ្រោះថ្នាក់ជានិច្ច បើសិនយើងមិនធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។
លោកវេជ្ជបណ្ឌិត សូមឲ្យគ្លីនិកឯកជន ហាមដាច់ខាតមិនឲ្យព្យាបាលជំងឺគ្រុនឈាមឡើយ ហើយសូមបងប្អូនអញ្ជើញមកពិនិត្យ និងពិគ្រោះជាក្រុមលោកគ្រូពេទ្យជំនាញៗ ដើម្បីធ្វើការព្យាបាល។
លោកក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ត្រូវអនុវត្តន៍តាមការអប់រំណែនាំរបស់មន្ត្រីជំនាញសុខាភិបាល ឲ្យមានការប្រុងប្រយ័ត្នចំពោះកូនចៅពាក់អាវខោជើងវែងដៃវែង គេងនៅក្នុងមុង ថែរក្សាបរិស្ថានបរិវេណជុំវិញផ្ទះដុតកាកសំណល់ចោល ដើម្បីកម្ចាត់ជម្រកសត្វមូល៕