(សៀមរាប)៖ លោក ឥត សារ៉ាត់ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាតំណាងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប ប្រកាសសេចក្តីសម្រេចតែងតាំង និងប្រគល់ភារកិច្ចជូនក្រុមការចុះជួយបណ្តាលសង្កាត់ទាំង១២ នៅក្រុង-ខេត្តសៀមរាប ចំនួន៥៦៥នាក់។
នៅក្នុងឱកាសនោះដែរ លោក ឥត សារ៉ាត់ បានបញ្ជាក់ជូនដល់សមាជិកសមាជិការបស់គណបក្ស និងប្រជាពលរដ្ឋក្នុងក្រុង និងខេត្តសៀមរាបទាំងអស់ ត្រូវជឿលើការដឹកនាំប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយសូមកុំជឿលើការឃោសនាបោកប្រាស់ណាមួយដែលនាំឱ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ។
ជំនួសមុខឱ្យសម្តេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយស សម្តេចអនុប្រធាន និងសម្តេចប្រធានក្រមការងារគណបក្ស លោក ឥត សារ៉ាត់ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា និងការខិតខំរបស់សមាជិកបក្សទាំងអស់ដែល ក្នុងរយៈពេលកន្លងមកនេះ បានខិតខំយកអស់ពីកម្លាំង កាយចិត្ត ក្នុងការកសាងសមិទ្ធផលជាច្រើន សម្រាប់បម្រើឱ្យសង្គមជាតិ ពិសេសបានយកចិត្តទុកដាក់ ពង្រឹងប្រៀបការពារជាតិ ការពារសន្តិសុខសង្គម ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ។
បន្ថែមពីនេះ លោក ឥត សារ៉ាត់ ក៏បានក្រើនរំលឹកដល់ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារថ្នាក់កណ្ដាលចុះជួយសង្កាត់ទាំង១២ របស់ក្រុង និងខេត្ត និងសមាជិកចាស់ដែលមានស្រាប់ ទាំងអស់ឱ្យបន្តស្នាដៃដ៏ល្អនេះបន្តទៀត ពិសេសត្រូវពង្រឹងសុវត្ថិភាពក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ ក្រុង សង្កាត់ មានសុវត្ថិភាព ដោយបំបាត់ឱ្យអស់ក្រុមបងតូចបងធំ ការជួញដូរគ្រឿងញៀន បទល្មើសព្រៃឈើ និងភាពអណាធិបតេយ្យនានា ដែលកើតមានឡើងក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។
ជាមួយគ្នានេះដែរ លោកក៏បានជំរុញឱ្យមន្ត្រីដែលជាសមាជិកបក្សទាំងអស់ ក៏ត្រូវចេះរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ប្រព្រឹត្តិតែអំពើល្អ សុច្ចរិត ចេះជួយគ្នាគ្រប់គ្រាលំបាក ដោយឡែកសម្រាប់ ក្រុមការងារថ្មី ដែលទើបប្រកាសក៏ត្រូវមានចិត្តស្មោះត្រង់ចំពោះបក្ស ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ប្រជាជនចូលរួមការពារសន្តិភាព និងសមិទ្ធិផលទាំងឡាយ ដែលកើតចេញពីការខិតខំដោយលំបាកក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមក របស់គណបក្សប្រជាជនកម្ពុជា ហើយត្រូវចេះជួយដោះស្រាយរាល់ទុក្ខលំបាកជូនប្រជាជនគ្រប់កាលៈទេសៈ៕