(រតនគិរី)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ទេសរដ្ឋមន្ត្រី លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគីរី បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខសមាជិកសមាជិកា ដែលជាសាខាបក្សភូមិ សង្កាត់ក្រុង និងក្រុមការងារថ្នាក់ខេត្តចុះជួយ ក្រុងបានលុងជិត២០០នាក់។
ក្នុងពិធីសំណេះសំណាលនោះ ទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើសុំឲ្យសមាជិកសមាជិកា ទាំងអស់បន្តខិតខំ យកចិត្តទុកដាក់ ថែមទៀត ក្នុងការផ្តល់សេវាសាធារណៈគ្រប់បែបយ៉ាង ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អ មានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ទៅតាមតួនាទីរបស់ខ្លួន ដែលរាជរដ្ឋាភិបាល និងបក្សបានប្រគល់ជូន តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា (គណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជន ដើម្បីប្រជាជន និងយកផលប្រយោជប្រជាជនជាធំ)។
ជាមួយគ្នានោះ ទេសរដ្ឋមន្ត្រីសំណូមពរឲ្យសមាជិកសមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានសភាពការណ៍នយោបាយ ធ្វើការទប់ស្កាត់ និងផ្សព្វផ្សាយពន្យល់ឲ្យដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅពេលមានព័ត៌មានក្លែងក្លាយណាមួយ ដែលគេបង្កើតឡើងហើយធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គម ក្នុងគោលបំណងធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋមានការភាន់ច្រឡំ សង្គមជាតិបែកបាក់ និងអសន្តិសុខសង្គម។
ទេសរដ្ឋមន្រ្តីបានជម្រាបដល់សមាជិកសមាជិកាទាំងអស់ជ្រាបថា មានតែគណបក្សប្រជាជនកម្ពុជជា ក្រោមការដឹកនាំរបស់សម្តេចតេជោតេ ដែលអាចរក្សាសន្តិសុខ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍ជូនជាតិមាតុភូមិបាន។
ជាចុងបញ្ចប់ ទេសរដ្ឋមន្រ្តី ក្នុងនាមព្រឹទ្ធាចារ្យ ប៊ូ ថង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សមាជិក សមាជិកាបក្សទាំងអស់ ដែលបានយកអស់កំលាំងកាយកំលាំងចិត្តបំពេញការងារ ជូនគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិ។
លោកសូមជូនពរសមាជិក សមាជិកាបក្សទាំងអស់មានសុខភាពល្អបរិបូណ៌ កំលាំងម៉ាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីចូលរួមរក្សា ការពារសន្តិភាពជូនជាតិមាតុភូមិ ក្រោមការដឹកនាំ និងចុងបង្ហាញរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។