(បន្ទាយមានជ័យ)៖ ស្ពានបេតុងប្រវែង ២៤ម៉ែត្រ ទទឹង៤,៥ម៉ែត្រ ក្នុងភូមិកសាងថ្មី ឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់ប្រជាជនជប៉ុន
និងរដ្ឋាភិបាលជប៉ុនតាមរយៈជំនួយឧបត្ថម្ភទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ( KUSANONE Grant ) កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ស្ពានបេតុងសរសៃដែកនេះ មានចម្ងាយ ១០គីឡូម៉ែត្រពីទីប្រជុំជនស្រុកមង្គលបុរី
បំបែកផ្លូវជាតិលេខ ១៥៦ដេ និងស្ថិតក្នុងភូមិកសាងថ្មី ឃុំគយម៉ែង ស្រុកមង្គលបុរី។
តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ខណៈពេលដែលថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យគម្រោងស្ដារឡើងវិញ នៅផ្លូវខេត្តលេខ ១៥៦ដេ ក្នុងស្រុកមង្គលបុរីដល់ ព្រះនេត្រព្រះប្រវែង២៤.២ គីឡូម៉ែត្រទទឹង៦ម៉ែត្រស្រោចកៅស៊ូបែបថ្មពីរជាន់ប្រភេទDBST ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងបន្ទាប់ពីការឆ្លងពីថ្នាក់ដឹកនាំក្រសួងមក
មន្ទីរក៏បានដាក់ពាក្យសុំគម្រោងទៅស្ថានទូតជប៉ុនប្រចាំកម្ពុជាចំនួន ៣គម្រោងកាលពីឆ្នាំ ២០១៥។
លោកបានបញ្ចាក់ថា ក្រុមការងារស្ថានទូត ក៏បានចុះពិនិត្យគម្រោងតាមការស្នើសុំ ក្រោយមករហូតដល់ខែមិថុនា ឆ្នាំ២០១៨ បានយល់ព្រមហើយអនុវត្តនីតិវិធីដេញថ្លៃ ដោយមានការយល់ព្រមពីស្ថានទូតជប៉ុន មន្ទីរបានជ្រើសរើសក្រុមហ៊ុនសាងសង់ឈ្មោះ Solution E&C Co.,Ltd ដើម្បីសាងសង់គម្រោងស្ពាននេះមួយនេះឡើងផងដែរ។
ដំណាក់កាល នៃការចុះកិច្ចសន្យានិងការសាងសង់បានចាប់ផ្តើមពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ការងារសាងសង់បានបញ្ចប់១០០ % តាមកិច្ចសន្យា។
លោក តូមីហ៊ីរ៉ូ ខាណាតាក លេខាទី១ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឲ្យដឹងថា ខណៈពេលដែលសំណង់អគារត្រូវបានក្លាយជាអាទិភាពនៅក្នុងជំនួយឧបត្ថម្ភ ដើម្បីអភិវឌ្ឍន៍របស់ប្រទេសជប៉ុនសម្រាប់ប្រទេសកម្ពុជាគម្រោងជាច្រើនត្រូវបានធ្វើឲ្យប្រសើរឡើង និងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានចាប់ផ្ដើម ក្នុងនោះរួមមានទាំងនៅក្នុងតំបន់ជនបទផងដែរ។
លោកក៏បានធ្វើការសង្ឃឹមផងដែរថា ស្ពានជំនួយឧបត្ថម្ភទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ( ជំនួយគូសាណូណិ ) នេះនឹងផ្ដល់ប្រយោជន៍ដល់ប្រជាជនទូទៅជាង ៧,២០០នាក់ដែលរស់នៅក្នុងមូលដ្ឋាននេះ។ ស្ពាននេះ គឺនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ហើយកាន់តែធ្វើឲ្យមានភាពងាយស្រួល សម្រាប់ពួកគេធ្វើដំណើរទៅកាន់សាលារៀន មន្ទីរពេទ្យ ផ្សារ ព្រមទាំងជួយជំរុញដល់ការដឹកជញ្ជូនផលិតផលកសិកម្មនានាទៅកាន់ទីផ្សារឲ្យកាន់តែប្រសើរឡើង។
លោក ង៉ៅ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន
និងប្រជាជនជប៉ុនដែលផ្តល់ជំនួយកសាងស្ពានដ៏សំខាន់នេះ ហើយក៏សូមប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំថែរក្សាសមិទ្ធផលនេះឲ្យបានស្ថិតស្ថេរ និងប្រើប្រាស់ឲ្យចំគោលដៅ តបតាមតម្រូវការនៃការធ្វើចរាចរណ៍ដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន
ក៏ដូចជានៅឃុំគយម៉ែង ក្នុងស្រុកមង្គលបូរីទាំងមូលផងដែរ៕