(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានរំលឹកជាថ្មីម្ដងទៀតថា ឆ្នាំ២០១៩នេះ គឺជាឆ្នាំដែលត្រូវលុបបំបាត់គ្រឿងញៀន ឲ្យអស់នៅតាមក្លឹបកម្សាន្ដ និងទីតាំងសប្បាយដ្ឋានផ្សេងៗ នៅទូទាំងប្រទេសកម្ពុជា ព្រោះគ្រឿងញៀននេះ មានឥទ្ធិពលអាក្រក់ខ្លាំងណាស់។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម (ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា ដើម្បីលុបបំបាត់ករណីគ្រឿងញៀនឲ្យអស់ពីកម្ពុជានោះ ទាំងគ្រប់ភាគីពាក់ព័ន្ធ ទាំងប្រជាពលរដ្ឋ ត្រូវតែចូលរួមទាំងអស់គ្នា។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានចេញបទបញ្ជាមួយថា ឆ្នាំ២០១៩នេះ នៅតាមរង្គសាល នៅតាមកន្លែងសប្បាយនានា នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដាច់ខាតត្រូវលុបបំបាត់នូវការចែកចាយ ប្រើប្រាស់គ្រឿងញៀន ព្រោះយើងមិនអាចទុកបញ្ហានេះបានទេ តែកាលណាបញ្ហានេះរីកសាយដល់ជនបទ រឿងកាន់តែធំទៀត»។
សម្ដេច ស ខេង ក៏បានឲ្យដឹងផងដែរថា ជនដែលងាយរងគ្រោះ ដោយសារគ្រឿងញៀននេះ ភាគច្រើនមានអាយុពី១៥ឆ្នាំ ទៅ៤០ឆ្នាំ ដូច្នេះហើយដើម្បីលុបបំបាត់បញ្ហានេះ សមត្ថកិច្ចអនុវត្តម្នាក់ឯងមិនគ្រប់គ្រាន់ឡើយ ពោលត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ និងអាណាព្យាបាល។
កម្ពុជាបានចាត់ទុកថា ករណីជួញដូរគ្រឿងញៀនក៏ជាបទល្មើស នៃការជួញដូរលុយខ្មៅ ឬលុយកខ្វក់ដែរ ដូច្នេះហើយសម្ដេចក្រឡាហោម ស ខេង បានណែនាំដល់នគរបាលយុត្តិធម៌ ពេលធ្វើសំណុំរឿងបញ្ជូនទៅតុលាការសូមធ្វើការចោទប្រកាន់ ជនណាម្នាក់ដែលពាក់ព័ន្ធគ្រឿងញៀន គឺត្រូវបង្កកទ្រព្យសម្បត្តិជននោះទាំងអស់ លុះរកឃើញថា ទ្រព្យសម្បត្តិណាដែលមិនពាក់ព័ន្ធគ្រឿងញៀនទើបប្រគល់ឲ្យវិញ ហើយពាក់ព័ន្ធត្រូវរឹបអូស។
សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ថា លុយដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន អាចក្លាយទៅជាលុយបម្រើឲ្យអំពើភេរវកម្ម ឧក្រិដ្ឋកម្មផ្សេងៗ ហើយអន្ដរជាតិគេអាចចាត់ទុកថា កម្ពុជាជាប្រទេសលាងលុយ តាមរយៈការរកស៊ីគ្រឿងញៀន ហើយកាលណាកម្ពុជា ក្លាយជាប្រទេសលាងលុយហើយនោះ គេនឹងចាត់ចូលក្នុងបញ្ជីខ្មៅ ដែលអាចប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់វិស័យធនាគារទាំងអស់៕