(ភ្នំពេញ)៖ រយៈពេល៣ឆ្នាំបានកន្លងផុតទៅ ចេតិយលោក កែម ឡី នៅតែមិនអាចចេញជារូបរាងពិតប្រាកដ នៅឡើយដោយសារតែកង្វះថវិកា។ ប្រសិនបើគេក្រឡេក មើលសកម្មភាពរបស់ក្រុមអ្នកដែលអួតអាងថា ជាអ្នកកែមឡីនិយមឯណោះវិញ ខ្ញុំកត់សំគាល់ឃើញពួកគេបានធ្វើសកម្មភាពសម្បើមណាស់ ហើយបើតាមសកម្មភាពនេះ ខ្ញុំយល់ថា កុំថាឡើយត្រឹមចេតិយមួយ ទោះបីត្រូវសាងសង់ផ្ទះវីឡា ស្កឹមស្កៃជូនម្តាយលោក កែម ឡី ក៏មិនអស់ប្រាក់នោះដែរ។
ដូច្នេះដើម្បីយល់អំពីជំរៅនិងធាតុពិតនៃបញ្ហានេះ ខ្ញុំសូមទាញអារម្មណ៍យើងទាំងអស់គ្នាទៅក្រឡេកមើលសកម្មភាពរបស់ក្រុមដែលតាំងខ្លួនថា ជាអ្នកកែមឡីនិយម។ មរណៈភាពរបស់លោក កែម ឡី បានក្លាយជាជំនួញអាជីវកម្មយ៉ាងពេញនិយមទាំងសម្រាប់គោលដៅនយោបាយ ទាំងសម្រាប់ការទាញយកប្រជាប្រិយភាពបុគ្គល និងទាំងការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ ហេតុអ្វីបានជាខ្ញុំហ៊ានអះអាងយ៉ាងដូច្នេះ ?
ទី១៖ នៅលើទិដ្ឋភាពនយោបាយ៖ ក្រុមប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី ទោះបីជាមិនដែលចូលចិត្តលោក កែម ឡី ទាល់តែសោះដោយសារតែការរិះគន់យ៉ាងចាស់ដៃរបស់លោក កែម ឡី ទៅលើអតីតបក្សសង្គ្រោះជាតិ ជាពិសេសទៅលើបុគ្គលលោក សម រង្ស៊ី ផ្ទាល់តែម្តង ប៉ុន្តែក្រោយមរណភាព លោក កែម ឡី ក្រុមនេះបានឆ្លៀតឱកាសធ្វើអាជីវកម្ម លើសាកសពលោក កែម ឡី ដើម្បីកេងចំណេញនយោបាយយ៉ាងពេញទំហឹង និងដោយឥតអៀនខ្មាស់។ ក្រុមនេះដែលពីមុនមកធ្លាប់តិះដៀលលោក កែម ឡី ថា លក់ក្បាល ជាអាយ៉ង ឬជាយួន... ជាដើមនោះ ស្រាប់តែតាំងខ្លួនថា ជាអ្នកគោរពស្រឡាញ់លោក កែម ឡី ជាអ្នកស្រឡាញ់ទ្រឹស្តីលោក កែម ឡី និងជាអ្នកកែមឡីនិយមយ៉ាងជ្រាលជ្រៅដូចមែនទែន។ ពួកគេក៏បានយកបញ្ហាលោក កែម ឡី មកធ្វើជាប្រធានបទ ដើម្បីបង្កភាពប្រទូសរាយជាមួយអាជ្ញាធរ ដើម្បីកេងចំណេញនយោបាយយ៉ាងពេញទំហឹង។
ទី២៖ ការទាញយកប្រជាប្រិយភាពបុគ្គល៖ មានមនុស្សមិនតិចទេ ដែលពីមុនគេមិនដែលស្គាល់ឈ្មោះសោះ ស្រាប់តែនឹកឃើញចង់ល្បីក៏ខំទៅកេងចំណេញ ប្រជាប្រិយភាពពីសពលោក កែម ឡី យ៉ាងព្រោងព្រាតដោយអ្នក ខ្លះតាំងខ្លួនជាអ្នកវិភាគវ័យក្មេងបន្តវេនពីលោក កែម ឡី អ្នកខ្លះតាំងខ្លួនជាអ្នកកែមឡីនិយមបានខិតខំ ប្រមែប្រមូលពាក្យពេចន៍ ដែលលោក កែម ឡី ធ្លាប់និយាយមកចងក្រងជាសៀវភៅដើម្បីលក់។ អ្នកខ្លះទៅបោះពុម្ពអាវយឺត ឬបោះពុម្ពខិតប័ណ្ណផ្សេងៗដោយ ប្រើឈ្មោះកែមឡី។ នៅមានមនុស្សមួយចំនួនទៀតដែលយករូបថតលោក កែម ឡី ទៅធ្វើជាប្រូហ្វែល ហ្វេសប៊ុក (Facebook Profile) របស់ខ្លួន។
ជាក់ស្តែងយុវជន គង់ រ៉ៃយ៉ា សួងនាគព័ន្ធ.. ជាដើមនេះ ហេតុតែចង់ល្បីឈ្មោះក៏តាំងខ្លួនជាអ្នកកែមឡីនិយម ហើយបង្កបញ្ហាប្រទូសរាយជាមួយអាជ្ញាធរឥតឈប់ឈរ។
ពួកគេបានកេងចំណេញប្រជាប្រិយភាពផ្ទាល់ខ្លួនពីសព លោក កែម ឡី ក្នុងនោះរាប់ទាំងឈ្មោះ កឹម សុខ ម្នាក់ផង ដែលជ្រកក្រោមផ្លាកជាមន្ត្រីបក្សហ្វ៊ុនស៉ិនបិច បានទៅរៀនមួយរយៈនៅប្រទេសចិនកុម្មុយនីស្ត ស្រាប់តែមកលឺវិទ្យុប្រឆាំងដាក់ងារថា អ្នកវិភាគសង្គមបន្តពីលោក កែម ឡី នឹងគេដែរ។ ដោយមានគំរូនាំមុខពីលោក កឹម សុខ និងមន្ត្រីបក្សប្រឆាំងខ្លះទៀតផងនោះបែបនេះហើយបានជាមានមនុស្សមួយចំនួនទៀត រាប់ទាំងគង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ផង បាននិងកំពុងផ្គើនជាមួយអាជ្ញាធរយ៉ាងចាស់ដៃ ដើម្បីសន្សំពិន្ទុឈានទៅសុំសិទ្ធិជ្រកកោននៅឯក្រៅប្រទេស។
ទី៣៖ អ្នកស្វែងរកផលចំណេញផ្ទាល់ខ្លួនពីសពលោក កែម ឡី៖ មនុស្សក្នុងជំពូកនេះរឹតតែសម្បូរថែមទៀត។ ពួកគេដើរឃោសនា ពីលោក កែម ឡី ដើម្បីទាក់ទាញក្តី អាណិតអាសូរ ហើយឆ្លៀតរៃអង្គាសប្រាក់ដាក់ហោប៉ៅ។ គេនៅចាំបានថា ក្រោយមរណភាពលោក កែម ឡី ក្រុមអ្នកជួញចំណេញលើសាកសពបានដុតបញ្ឆេះកំហឹង ឲ្យពលរដ្ឋខឹងអាជ្ញាធរ ហើយនាំគ្នាមកចូលរួមបុណ្យសពយ៉ាងច្រើនកុះករ ដោយម្នាក់ៗបាននាំគ្នាចូលបច្ច័យគ្រប់ៗគ្នា។
ខ្ញុំនៅចាំច្បាស់ណាស់ថា គ្រាន់ តែសពលោក កែម ឡី តម្កល់នៅក្នុងវត្តចាស់ជាច្រើនថ្ងៃ ពួកគេប្រមូលបច្ច័យបានយ៉ាងសន្ធឹកសន្ធាប់។ ហើយដោយឃើញថា នេះជាមុខរបរកាក់កបយ៉ាងខ្លាំង ក៏មានអ្នកចេញមុខធ្វើគណៈកម្មការបុណ្យសពក្នុងនោះមានទាំងសង្ឃឈ្មោះ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង លោក មឿង តុលាការជាដើម។ល។ ហើយដល់ពេលចុងបញ្ចប់គ្រួសាសពមិនបានទទួលលុយ សូម្បីមួយរៀល។
ចប់ពិធីបុណ្យ ក្រុមគ្រួសារសពលោក កែម ឡី រកលុយសងថ្លៃរោងបុណ្យ និងថ្លៃបបរក៏មិនបានផង។ រយៈពេលបីឆ្នាំមកនេះ ពិធីបុណ្យ និងការរៃអង្គាសប្រាក់ត្រូវបានធ្វើឡើងតាមគ្រប់រូបភាពទាំងនៅក្នុង និងក្រៅប្រទេស។ អ្នកខ្លះលក់សៀវភៅ អ្នកខ្លះលក់អាវយឺត អ្នកខ្លះធ្វើបុណ្យផ្កា បុណ្យខួប បុណ្យមួយរយមុខ មួយរយដង។ ប៉ុន្តែនៅទីបំផុតចេតិយលោក កែម ឡី នៅមេម៉ាយ រីឯម្តាយលោក កែម ឡី វីញ ក៍គ្មានបានទទួលអ្វីទាំងអស់ពីអាជីវកម្មដែលពួកគេបានធ្វើទៅ លើសពកូនរបស់គាត់។ ដោយទឹកចិត្តអាណិតអាសូរពេលនោះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចូលបុណ្យនូវថវិកាសរុបចំនួន៩ម៉ឺនដុល្លារ សម្រាប់សងថ្លៃរោងបុណ្យ ថ្លៃបបរចំនួន២ម៉ឺនដុល្លារ (ពីរលើក) និងសម្រាប់សាងសង់ចេតិយចំនួន៧ម៉ឺនដុល្លារ។
តើរយៈពេលបីឆ្នាំមកនេះ ក្រុមអ្នកធ្វើអាជីវកម្មលើសពលោក កែម ឡី បានជួយអ្វីខ្លះដល់ម្តាយលោក កែម ឡី និងបានផ្តល់ថវិកាប៉ុន្មានដើម្បីសាងសង់ចេតិយ លោក កែម ឡី? ពិតជាគ្មានទាល់តែសោះ។ ខ្ញុំកត់សំគាល់ថា ពួកគេមិនបានខ្វល់ខ្វាយពីបញ្ហានេះឡើយ។ ផ្ទុយទៅវិញ ខ្ញុំឃើញម្នាក់ៗគិតតែពីកេងចំណេញ តាមជំនាញរៀងៗខ្លួន។ អ្នកនយោបាយកេងចំណេញ នយោបាយ អ្នកចង់ល្បីកេងចំណេញប្រជាប្រិយភាព រីឯអ្នកចង់បានលុយគិតតែពីប្រមូលប្រាក់។
ខួប៣ឆ្នាំនៃការស្លាប់របស់លោកកែមឡីដែលទើបតែមកដល់កាលពីថ្ងៃទី១០ កក្កដា បានធ្វើឲ្យខ្ញុំកត់សំគាល់ឃើញថា គឺមានតែក្រុមមនុស្សដដែល មុខដដែលហើយ បានប្រើប្រាស់វិធីកេងចំណេញពីសពលោក កែម ឡី ដដែល។ ពួកគេធ្វើដូចជាហំហានណាស់ ស្រឡាញ់លោក កែម ឡី ណាស់ អាណិតអាសូរគ្រួសារលោក កែម ឡី ណាស់ ។ ប៉ុន្តែសំនួរដែលត្រូវវោទសួរនោះថា តើពួកគេដែលបើកភ្នែកមើលចេតិយលោក កែម ឡី ឬទេ?
ខ្ញុំឃើញពួកគេក៏មិនដែលបានគិតគូរដល់ម្តាយចាស់ជរារបស់លោក កែម ឡី នោះដែរ? ពិតជាគ្មានទេ ប៉ុន្តែអ្វីដែលច្បាស់ក្រឡែតនោះគឺការគិតរកវិធីប្រមូល ស្រោមសំបុត្រដាក់ហោប៉ៅ ការគិតតែពីតាំងខ្លួនជាវីរៈជន កែម ឡី និយមតាមរយៈសកម្មភាពបំផុសកំហឹង ញុះញង់បង្កបញ្ហាឥតឈប់ឈរ។ ហើយអ្នកនយោបាយដែលរត់ទៅនៅជ្រកកោននៅក្រៅប្រទេសឯណោះវិញក៏ខិតខំទូងស្គរធ្វើដូច យកចិត្តទុកដាក់ណាស់លើសពលោក កែម ឡី។
ប៉ុន្តែខ្ញុំកត់សំគាល់ឃើញក្រុម នេះមិនដែលបានផ្ញើលុយមួយរៀល មកឲ្យម្តាយលោក កែម ឡី ឬមកជួយសាងសង់បង្ហើយចេតិយលោក កែម ឡី ឡើយ។ នេះពិតជាមនុស្សធ្វើអាជីវកម្មលើខ្មោចដោយឥតអៀនខ្មាស និងឥតខ្លាចបាបមែន។ បើជាតិក្រោយមានមែន ប្រហែលជាក្រុមនេះច្បាស់ជាធ្លាក់ទៅឋាននរក ងើបមុខមិនរួចឡើយ។ ពិតជាអនិច្ចាចេតិយលោក កែម ឡី មែន ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ