(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា នឹងដាក់ចេញវិធានការថ្មីសម្រាប់អ្នកជិះម៉ូតូ អត់ពាក់មួកសវត្ថិភាពក្នុងពេលឆាប់ៗខាងមុខ។ វិធានការថ្មីដែលនឹងដាក់ចេញនោះ គឺអ្នកអត់ពាក់មួកសុវត្ថិភាពពេលបើកបរត្រូវឃាត់ខ្លួន មិនឱ្យធ្វើដំណើរទៅមុខនោះឡើយ ហើយរង់ចាំរហូតយកមួកសុវត្ថិភាពមកពាក់ទើបឱ្យធ្វើដំណើរទៅមុខបន្ត។
ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។
ក្នុងពិធីនេះសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា អត្រាគ្រោះថ្នាក់ចរាចរនៅកម្ពុជាមានការថមថយនោះឡើយ ហើយក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍បានកើនជាង ១០០ករណី បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៨។ សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់ និងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះនៅតែមានការកើនឡើង។
សម្តេចក្រឡាហោម បានមើលឃើញថា គ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីការមិនគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ។ សម្តេចក្រឡាហោម ស ខេង ក៏បានកត់សម្គាល់ដែរថា ចំនួនអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពនៅតែមានចំនួនច្រើនផងដែរ។
ដើម្បីរឹតបន្តឹង និងជំរុញឱ្យអ្នកបើកបរម៉ូតូពាក់មួកសុវត្ថិភាពនេះ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោកនាពេលខាងមុខនេះ សម្តេចនឹងសម្រេចដាក់ចេញវិធានការថ្មីចំពោះអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពនេះ។
បើតាមសម្តេចក្រឡាហោម ស ខេង វិធានការថ្មីដែលដាក់ចេញនេះ គឺនឹងឱ្យមន្ត្រីនគរបាលចរាចរណ៍ឃាត់ខ្លួនរាល់អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ តែមិនយកម៉ូតូទៅណានោះទេ ទុកឱ្យម្ចាស់ម៉ូតូមើលថែខ្លួនឯង ហើយត្រូវទាក់ទងទៅសាច់ញាតិ ឬរកវិធីណារកមួកសុវត្ថិភាពមកពាក់ ឱ្យបានសិនទើបអនុញ្ញាតឱ្យធ្វើដំណើរទៅមុខបន្ត៕