(ភ្នំពេញ)៖ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ដាក់ពន្ធនាគារព្រៃស ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួស។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។
បុរសដែលត្រូវតុលាការបង្គាប់ឲ្យឃុំខ្លួន ឈ្មោះ សេង វិច្ឆិកា អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ ទៅលំនៅបច្ចុប្បន្នផ្ទះលេខ២១៨អាអឺអង ផ្លូវ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឲ្យមានរបួសដល់អ្នកដ៏ទៃ»។
សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ៥៩៨ កែងផ្លូវលេខ១៩៨៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងរបួសស្រាល០២នាក់៕