(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ទើបនឹងឡើងកាន់តំណែងថ្មី លោក អ៊ុន ចាន់ដា បានថ្លែងថា ខេត្តកំពង់ចាម មានការអភិវឌ្ឍ រីកចម្រើលឿន។ លោកអភិបាលខេត្តបានថ្លែងដូច្នេះ ខណៈដែលលោក និងលោក លន់ លឹមថៃ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អញ្ជើញសម្ពោធសមិទ្ធផលនានា នៅវត្តគង់រង្សី ហៅវត្តកោះកុក ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។
លោកអភិបាលខេត្ត បានថ្លែងបន្តថា អ្វីដែលលោកចាប់អារម្មណ៍បំផុតនោះ គឺការកសាងហេដ្ឋារចនាសម្ព័ន្ធ សួនច្បារតាមដងទន្លេ ក្នុងក្រុងកំពង់ចាម កាលពីជំនាន់លោក លន់ លឹមថៃ ជាអភិបាលខេត្ត។ លោកថា បើតាមការពិនិត្យចំណុចមាត់ទន្លេ ក្នុងក្រុងកំពង់ចាម គឺពិតជាមានការលំបាក នៅក្នុងការសាងសង់ ដោយសារតែចំណុចនោះនៅចំមុខខ្សែទឹកហូរ។ ប៉ុន្តែលោក លន់ លឹមថៃ កាលនោះបានតាំងចិត្តកសាងសួនច្បារមាត់ទន្លេ បានយ៉ាងស្រស់ស្អាតទុកជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម សម្រាប់ដើរលេងកំសាន្ត និងហាត់កីឡារហូតមកដល់សព្វថ្ងៃនេះ។
លោកអភិបាលខេត្តថ្មី បានសន្យា និងរួមគ្នាជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាមបច្ចុប្បន្ន និងរួមគ្នាជាមួយប្រជាពលរដ្ឋខេត្តកំពង់ចាម ឆ្ពោះទៅរកការអភិវឌ្ឍ និងការរីកចម្រើន ជាពិសេស គឺចង់ឃើញប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត។ ដោយមិនមានការបែងចែក ឬរើសអើង ពោលគឺប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕