(សៀមរាប)៖ បណ្ដាញសាកលវិទ្យាល័យអាស៊ាន (AUN) ដែលមានសមាជិកចំនួន៣០សាកលវិទ្យាល័យ មកពីតំបន់អាស៊ាន បានជួបជុំគ្នាពិភាក្សា អំពីវិស័យអប់រំកម្រិតឧត្តមសិក្សា ដើម្បីជម្រុញលើកកម្ពស់គុណភាព និងការគ្រប់គ្រងវិស័យអប់រំឲ្យកាន់តែល្អប្រសើរឡើង។ កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៩ នៅខេត្ដសៀមរាប។ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ ដោយសហការជាមួយនឹងអគ្គលេខាធិការដ្ឋានបណ្ដាញសាកលវិទ្យាល័យអាស៊ាន (AUN Secretariat)។
លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា នេះជាកិច្ចប្រជុំបូកសរុបលើកទី១១ របស់សាកលវិទ្យាធិការនៃបណ្ដាញសាកលវិទ្យាល័យអាស៊ាន (AUN) ដើម្បីចែករំលែកគំនិតដ៏មានតម្លៃអោយគ្នាទៅវិញទៅមក និងពិភាក្សាលើបញ្ហាអប់រំរួមគ្នាក្នុងវេទិកាមួយក្នុងចំណោមវេទិកាកម្រិតខ្ពស់របស់ AUN ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំដើម្បី ឲ្យសមាជិក ទាំងអស់កំណត់ផែនការសកម្មភាពរបស់សាកលវិទ្យាល័យនីមួយៗ។ ស្របពេលជាមួយគ្នានេះដែរ ក្នុងកិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញស្តីពី «វិធីគ្រប់គ្រងទិន្នន័យសាកលវិទ្យាល័យ និងព័ត៌មាននៅសម័យឌីជីថលនេះ» ដោយ World University Rankings (TIMES Higher Education)។
លោកបានបន្ដថា មកដល់ពេលនេះគ្រឹះស្ថានឧត្តមសិក្សារបស់យើងកំពុងប្រឈមនឹងបញ្ហាថ្មីៗ ដែលបណ្ដាញសាកលវិទ្យាល័យ ត្រូវរៀបចំឱ្យបានល្អឲ្យស្របទៅនឹងការគ្រប់គ្រងទិន្នន័យ និងព័ត៌មានក្នុងយុគសម័យឌីជីថល។ លោកក៏បានជម្រុញឲ្យមាននូវកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ធ្វើយ៉ាងណាសិក្សានិងចែករំលែកផលប៉ះពាល់ជាសកល ក្នុងវិស័យអប់រំកម្រិតឧត្តមសិក្សា និងវិធីសាស្រ្តថ្មីៗដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រជាក់ស្តែង ធ្វើឲ្យវិស័យអប់រំមានគុណភាពកាន់តែល្អប្រសើរឡើងថែមទៀត។
លោកបានបន្ដថា កិច្ចប្រជុំនេះ មានគោលបំណងចែករំលែកចក្ខុវិស័យ បេសកកម្ម និងយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ ស្របតាមគោលដៅ របស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ និង២០៥០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs)។
លោកបានឲ្យដឹងទៀតថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានចក្ខុវិស័យប្រែក្លាយជា «សាកលវិទ្យាល័យឈានមុខគេនៅប្រទេសកម្ពុជា» ដែលមានកម្រិតស្តង់ដារដូចសាកលវិទ្យាល័យ ក្នុងតំបន់ក្នុងការបង្រៀននិងរៀន ការស្រាវជ្រាវ ការច្នៃប្រឌិត និងការចូលរួមក្នុងសកម្មភាពសង្គម។ យើងប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក និងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ និងធម្មជាតិថ្នាក់ជាតិដោយផ្តល់ឱ្យនិស្សិតនូវចំណេះដឹង ជំនាញ និងអាកប្បកិរិយា ដែលសង្គមត្រូវការ ដោយផ្អែកលើព័ត៌មាន និងចំណេះដឹង តាមរយៈការផ្តល់ការស្រាវជ្រាវ និងការច្នៃប្រឌិតដែលមានគុណភាពខ្ពស់ ហើយពេលនេះកំពុងចូលរួមយ៉ាងសកម្មជាមួយសង្គម។
បណ្តាញសាកលវិទ្យាអាស៊ាន ពិតជាត្រូវបានលើកទឹកចិត្តដើម្បីធានានូវការអប់រំប្រកបដោយគុណភាព និងសមធម៌ និងដើម្បីលើកកម្ពស់ ឱកាសរៀនសូត្រសម្រាប់មនុស្សទាំងអស់។ ចំណេះដឹង និងការអនុវត្តប្រកបដោយចីរភាពផ្តើមចេញពីការចែករំលែកក្នុងសហគមន៍ និងភាគីពាក់ព័ន្ធ។
គួរបញ្ជាក់ថា កិច្ចប្រជុំបូកសរុបរបស់សាកលវិទ្យាធិការនៃបណ្តាញសាកលវិទ្យាល័យអាស៊ាន AUN លើកទី១១ និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យលើកទី៣៥ ជាការប្រមូលផ្តុំគំនិតដ៏មានខ្លឹមសារ និងពត៌មានដែលអាចជួយបង្កើតទំនាក់ទំនងការសិក្សាឲ្យកាន់តែខ្លាំងផងដែរ។ ទន្ទឹមនឹងនោះដែរ យើងបានបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ក្នុងចំណោមថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យជាសមាជិក ហើយកិច្ចប្រជុំនេះ ក៏នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងកំណើនសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅក្នុងតំបន់ផងដែរ៕