(ឧត្តរមានជ័យ)៖ ដោយមើលឃើញពីការលំបាក និងកង្វះខាតសាលារៀន សម្រាប់កូនចៅប្រជាពលរដ្ឋ និងដោយមានការណែនាំពីក្រសួងអបរំយុវជន និងកីឡា អង្គការមូលនិធិអេស៉ីលីដា-ចារឌីនសម្រាប់ការអប់រំ បានចំណាយថវិកានៃមូលនិធិរបស់ខ្លួន ប្រមាណជិត៥ម៉ឺន៦ពាន់ដុល្លារ កសាងអាគារសិក្សាថ្មី១ខ្នង ធ្វើពីបេតុង ប្រកហ្វីប្រូស៉ីម៉ងត៍ជំនួសអាគារសិក្សាចាស់ ដែលមានសភាពចាស់ទ្រុឌទ្រោម ធ្វើពីឈើប្រក់សង្ក័សី នៅសាលាបឋមសិក្សាគោកសង្កែ ស្ថិតនៅក្នុងភូមិគោកសង្កែ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
អាគារសិក្សាថ្មីនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ក្រោមវត្តមានចូលរួមពីសំណាក់ លោកអភិបាលរងខេត្តឧត្តរមានជ័យ ឃិន ញាណ, លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៉ីលីដា ភី អិលស៉ី និងប្រតិភូក្រុមប្រឹក្សាភិបាល មូលនិធីអេស៉ីលីដា-ចារឌីន សម្រាប់ការអប់រំ ព្រមទាំងអាជ្ញាធរដែនដី ពាក់ព័ន្ធជាច្រើនទៀត។
ស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការនេះ គឺលោក ភីធើ បេនីន បានថ្លែងថា អាគារសិក្សាខាងលើនេះ និងផ្តល់ការសិក្សាជាអចិន្ត្រៃយ៍ ដែលនឹងអាចបង្កើនចំនួនកុមារ បានចូលសិក្សាអប់រំនៅកម្រិតមូលដ្ឋាន ក្នុងសាលាបឋមសិក្សាគោកសង្កែ ប្រមាណយ៉ាងតិច២០០នាក់។
លោកសង្ឈឹមថា អាគារសិក្សានេះ ក្រៅពីផ្តល់ការអប់រំដល់ក្មួយៗសិស្សានុសិស្ស ជាកូនចៅប្រជាពលរដ្ឋនៅតំបន់ចុងកាល់នេះ វាក៏នឹងជួយកសាង និងពង្រីកគុណភាពជិវិតដល់អាណាព្យាបាល និងមាតាបិតាសិស្ស នៅក្នុងសហគមន៍នេះ មានធនធានមនុស្សល្អ កាន់តែប្រសើរឡើង ប្រកបដោយការយកចិត្តទុកដាក់ និងនិរន្តភាពសង្គម។
បើតាមលោក បណ្ឌិត អ៉ីន ចាន់នី អង្គការមូលនិធីអេស៉ីលីដា-ចារឌីនសម្រាប់ការអប់រំ ត្រូវបានបង្កើតឡើងដោយការតភ្ជាប់រវាងក្រុមហ៊ុនទាំងពីរ ហើយចូលរួមជាមួយគ្នាជួយកុមារ ដើម្បីផ្តល់ឱកាសស្មើ គ្នាក្នុងការទទួលបានការអប់រំកម្រិតមូលដ្ឋាន។ លោកថា អង្គការនេះធ្វើសកម្មភាព ដោយមានការព្រមព្រៀងពីអាជ្ញាធរក្នុងវិស័យអប់រំ ពិសេសគឺក្រសួងអប់រំយុវជន និងកីឡា ហើយដែលនៅក្នុងដំណាក់កាលដំបូង គឺធ្វើសកម្មភាពកសាងអាគារសិក្សា។
ចំពោះវិសាលភាព នៃសកម្មភាពមនុស្សធម៌របស់អង្គការនេះ គឺគ្របដណ្តប់ប្រទេសកម្ពុជាទាំងមូល ប៉ុន្តែជាជំហានដំបូងនេះ គឺផ្តោតលើតំបន់ក្រីក្រ នៅឆ្ងាយដាច់ស្រយ៉ាល ស្ថិតនៅក្នុងខេត្តចំនួន គឺខេត្តឧត្តរមានជ័យ រតនៈគិរី មណ្ឌលគិរី និងខេត្តព្រះវិហារ។ អង្គការនេះ ក៏មានផែនការឧបត្ថម្ភ និងកសាងអាគារសិក្សា នៅតាមសាលាបឋមសិក្សា ជាច្រើនក្នុង១ឆ្នាំៗ នៅតាមតំបន់នានា ដែលស្ថិតនៅក្នុងភូមិសាស្ត្រគោលដៅរបស់ខ្លួន ទៅតាមធនធាននៃមូលនិធិ។
បើតាមការបញ្ជាក់របស់ លោកបណ្ឌិត អ៉ីន ចាន់នី បច្ចុប្បន្នអង្គការមូលនិធីអេស៉ីលីដា-ចារឌីន សម្រាប់ការអប់រំ បាននឹងកំពុងឧបត្ថម្ភ និងសាងសង់ អាគារសិក្សានៃសាលាបឋមសិក្សាចំនួន២ ស្របទៅតាមប្លង់របស់ក្រសួងអប់រំយុវជន និងកីឡា ដែល១នៅខេត្តឧត្តរមានជ័យ ដែលសម្ពោធនាពេលនេះ និងមួយខ្នងទៀត មាន៥បន្ទប់ ជាមួយបន្ទប់អនាម័យ នៅខេត្តរតនគីរី ដែលអាចផ្ទុកសិស្សានុសិស្ស បានប្រមាណជាង១០០នាក់។
លោក ឃិន ញ៉ាណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការមូលនិធីអេស៉ីលីដា-ចារឌីន សម្រាប់ការអប់រំ ដែលបានឧបត្ថម្ភនិងសាង សង់អាគារសិក្សា នៅសាលាបឋមសិក្សាគោកសង្កែ មួយខ្នង៥បន្ទប់ រួមនិងបន្ទប់អនាម័យ ក៏ដូចការបំពាក់សម្ភារសិក្សាគ្រប់គ្រាន់ និងការជួសជុលបន្ទប់អនាម័យ២បន្ទប់ ជូនក្មួយៗសិស្សានុសិស្ស នៅក្នុងស្រុកចុងកាល់នេះ ប្រកបដោយផាសុខភាព សម្រាប់សិស្សានុសិស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត ក្រេបយកចំណេះវិជ្ជា ដើម្បីអនាគតដ៏ប្រសើររបស់ពួកគេ។
លោក ឃិន ញ៉ាណ ក៏បានចាត់ទុកសកម្មភាពមនុស្សធម៌របស់អង្គការ មូលនិធីអេស៉ីលីដា-ចារឌីនសម្រាប់ការអប់រំនេះ គឺជាការបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងារមនុស្សធម៌ និងអភិវឌ្ឍធនធានមនុស្ស ដែលជាទ្រព្យដ៏មានតម្លៃបំផុត ក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្រកំណែទម្រង់គុណភាព អប់រំរបស់ក្រសួងអប់រំ៕