Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីសុខាភិបាល និងកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បើកយុទ្ធនាការដាក់ថ្នាំអាប៊ែតលុបបំបាត់មូលខ្លា ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត

12-07-2019 17:02

(ព្រះសីហនុ)៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម សាខាកាកបាទក្រហមខេត្ដ សហការជាមួយមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានបើកយុទ្ធនាការដាក់ថ្នាំអាប៊ែត ដើម្បីសម្លាប់ដង្កូវទឹកបំបាត់មូសខ្លាកាត់បន្ថយ ក៏ដូចជា បំបាត់នូវជំងឺគ្រុនឈាម ដល់កុមារ ក៏ដូចជាមនុស្សចាស់ ដែលកំពុងទទួលរងនូវគ្រោះថ្នាក់ ដោយ សារមូសខ្លាខាំ។

ពិធីនេះមានការចូលរួមពីលោក ម៉ាង ស៊ីណេត អនុប្រធានសាខាកាកបាទក្រហម និងជាអភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាសាខាកាកបាទក្រហមខេត្ត ប្អូនៗយុវជនស្ម័គ្រចិត្ត របស់សាខាកាកបាទក្រហមខេត្ត រួមជាមួយនឹងបងប្អូនប្រជាពលរដ្ឋជាង ១០០នាក់។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេច តែងតែគិតគូរចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅឆ្នាំនេះ ជំងឺគ្រុនឈាម បាននិងកំពុងកើតមានដល់កុមារ ក៏ដូចជាមនុស្សចាស់ ស្ទើរទូទាំងប្រទេស ដែលបាននិងកំពុងទទួលរងនូវជំងឺគ្រុនឈាមនេះ។

លោកបន្ដថា សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ ដែលជួបនូវជំងឺគ្រុនឈាមទូទាំងប្រទេសបានឆាប់ជាសះស្បើយពីជំងឺ។

ក្នុងយុទ្ធនាការដាក់ថ្នាំអាប៊ែតនេះ លោកក៏បានបញ្ជាក់ថា ដើម្បីបំបាត់នៅជម្រកមូសខ្លា ត្រូវចូលរួមសំអាតអនាម័យនៅជុំវិញគេហដ្ឋាន បំបាត់នូវទីតាំង ដក់ទឹកដូចជា ថ្លុកត្រពាំងសំបកកង់ឡាន សំបកដប ក៏ដូចជាសម្ភារដក់ទឹក ផ្សេងៗត្រូវដុតឬលុប ចោលដើម្បីកុំឲ្យមានទឹកដក់ដែលជាប្រភព កន្លែងសំរាប់ពងកូនរបស់មូសខ្លា និងនៅពេលគេងត្រូវចងមុង៕