(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានជំរុញឲ្យនាយទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ឲ្យបានរាល់ សភាពការណ៍ទាំងឡាយ ដែលកើតមានឡើងនៅតាមបណ្ដោយព្រំដែន ជាប់ជាមួយនឹងប្រទេសជិតខាង និងត្រូវសហការឱ្យជាប់ជាប្រចាំជាមួយបណ្ដាកងឯកភាព ដែលមានភារកិច្ចឈរជើងការពារ អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ឱ្យបានគ្រប់ជ្រុងជ្រោយ។
ការជំរុញបែបនេះ របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញចុះទៅត្រួតពិនិត្យទីតាំងថ្មី និងពិធីបិទវគ្គបំប៉នជំនាញសេនាធិការថ្នាក់កងអនុសេនាធំ និងថ្នាក់វរសេនាតូចការពារអាកាស ឆ្នាំ២០១៩ នៅសាលាហ្វឹកហ្វឺនជំនាញការពារដែនអាកាសរបស់អគ្គបញ្ជាការ ស្ថិតក្នុងភូមិសាស្រ្ត ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ក៏បានណែនាំដល់មន្ត្រីយោធាជាន់ខ្ពស់ ដែលប្រចាំការនៅទីបញ្ជាការជួរមុខ ទិសយោធភូមិភាគទី៤ ត្រូវធ្វើផែនការជាក់លាក់ ក្នុងការកសាងទីតាំងថ្មីនេះ ពិសេសត្រូវយកចិត្តទុកដាក់ក្តាប់ ឱ្យបាននៅរាល់សភាពការណ៍ ហេតុការណ៍ទាំងឡាយដែលកើតមានឡើងនៅតាមបណ្ដោយព្រំដែន របស់កម្ពុជា ជាប់ជាមួយប្រទេសជិតខាង និងត្រូវសហការឱ្យបានជាប់ជាប្រចាំជាមួយបណ្ដាកងឯកភាព ដែលមានភារកិច្ចឈរជើងការពារអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា នៅទិសយោធភូមិភាគទី៤នេះ។
នាយឧត្តមសេនីយ៍ បានបន្តថា នាយទាហានប្រចាំការនៅទីបញ្ជាការជួរមុខ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានទាំងកម្លាំង សម្ភារយោធបរិក្ខាយោធា និងកង្វះខាតទាំងឡាយរបស់កងទ័ពនៅជួរមុខ ដើម្បីធ្វើសេចក្តីរាយការណ៍ ជូនទៅថ្នាក់មេបញ្ជាការកងទ័ពជើងគោក ថ្នាក់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ក្រសួងការពារជាតិ ដើម្បីសម្រេច និងអនុម័តផ្ដល់ជូន។
ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ ក៏បានដាស់តឿនដល់នាយ នាយរង ពលទាហាន ដែលមានភារកិច្ចឈជើងប្រចាំការនៅទីបញ្ជាការជួរមុខ របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ប្រចាំនៅតំបន់ស្រែណូយ ទិសយោធភូមិភាគទី៤ ត្រូវសហការឱ្យបានជិតស្និទ្ធ ជាមួយបណ្ដាប្រភេទទ័ព ដែលឈរជើងនៅក្នុងភូមិសាស្ត្រនេះ ពិសេសក៏ត្រូវយកចិត្តទុកដាក់ សហការឱ្យបាន ជាប់ជាប្រចាំជាមួយអាជ្ញាធរដែនដី និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងនៅក្នុងតំបន់នេះឱ្យបានល្អ ដើម្បីក្តាប់បាននៅរាល់សកម្មភាពការណ៍ទាំងឡាយ ដែលកើតមានឡើង នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកសរសើរអំពីទឹកចិត្តស្នេហាជាតិ ដោយភាពស្មោះ និងការលះបង់ ភាពអំណត់តស៊ូព្យាយាមរបស់នាយ ពលទាហានគ្រប់រូបដែលបានខិតខំ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកន្លងមក ព្រមទាំងបានរំលឹកដាស់តឿន ដល់នាយ ពលទាហាន ទាំងអស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយត្រូវរស់នៅស្អាត ហូបស្អាត ព្រោះរដូវនេះជារដូវភ្លៀងធ្លាក់ខ្លាំង ដែលងាយឱ្យបងប្អូន ជួបប្រទះនូវជម្ងឺដង្កាត់ផ្សេងៗ ដែលកើតមានឡើងបាន ហើយក៏សូមជូនពរនាយ ពលទាហានទាំងអស់ ជួបប្រទះតែសេចក្តីសុខ សំណាងល្អ សុខភាពល្អគ្រប់ៗគ្នា ដើម្បីបន្តបម្រើជាតិ ការពារជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារភាពសុខសាន្តជូន ប្រទេសជាតិ និងប្រជាជន៕