(ភ្នំពេញ)៖ ក្រុមការងាររបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយស តំណាងលោក ជា ពិសី ប្រធានកិត្តិយស រួមដំណើរដោយលោក-លោកស្រីជាមន្ត្រីអាជ្ញាធរសង្កាត់-ភូមិ និងក្រុមយុវតីស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានចលនាផ្សព្វផ្សាយក្នុងការបញ្ជ្រៀបការយល់ដឹងនូវអត្រាកើនឡើងខ្លាំងពីជំងឺគ្រុនឈាម ដើម្បីបាញ់ថ្នាំសម្លាប់មូស ដាក់ថ្នាំអាបេត នៅតាមលំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពេញមួយថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
សកម្មភាពរបស់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមចលនាទាំងអស់គ្នា ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស និងដើម្បីការពារសុខភាពជៀសផុត ពីការឆ្លងជំងឺគ្រុនឈាម ដោយសារមូសខ្លាញីខាំ និងការខាំរបស់សត្វមូស។
ពិសេសដើម្បីបង្ការការឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម ឲ្យកាន់តែមានប្រសិទ្ធភាពនោះ សំខាន់ណាស់នៅតាមលំនៅដ្ឋាននីមួយៗ គឺគ្មានដង្កូវទឹក តាមរយៈការថែទាំសម្អាតបរិស្ថាន និងដុត ឬកប់ចោលវត្ថុដែលអាចដក់ទឹក ដើម្បីបំបាត់ទីជម្រកសត្វមូសពងកូន គួបផ្សំក្រោយពីបាញ់ថ្នាំ ឬដាក់ថ្នាំអាបេត ទើបអាចជៀសផុតពីការចម្លងជំងឺគ្រុនឈាម។
យ៉ាងណាក៏ដោយ បើតាមរបាយការណ៍របស់មន្ទីរសុខាភិបាល បានឲ្យដឹងថា គ្រុនឈាម គឺជាជំងឺរបស់មនុស្សគ្រប់វ័យ ដែលបង្កឡើងដោយ សត្វមូសខ្លាញីខាំ បឺតឈាមចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត បច្ចុប្បន្នស្ថានភាពជំងឺគ្រុនឈាមនេះ បាននិងកំពុងតែផ្ទុះឡើង ក្នុងកំឡុងឆ្នាំ២០១៩នេះ មានការកើនឡើងគួរឲ្យកត់សំគាល់ ច្រើនជាងឆ្នាំ២០១៨កន្លងទៅ៕