Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ដដឹកឈើ២គ្រឿងទៀត ត្រូវសមត្ថកិច្ចបង្ក្រាប និងដុតបំផ្លាញចោល នៅស្រុកអូរយ៉ាងដាវ ខេត្តរតនគិរី (Video inside)

12-07-2019 09:37

(រតនគិរី)៖ គណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន បានបើកប្រតិបត្តិការបង្ក្រាបរថយន្ដដឹកឈើចំនួន២គ្រឿងជាបន្ដបន្ទាប់ នៅក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ដរតនគីរី។

ភ្នាក់ងារព័ត៌មាន Fresh News ក៏បានរាយការណ៍មកថា ប្រតិបត្តិការនេះ ធ្វើឡើងតាំងវេលាម៉ោងជាង៩ព្រឹក រហូតដល់ម៉ោងជាង១១ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយសមត្ថកិច្ចបង្ក្រាប បានរថយន្ដឡង់គ្រីស័រកែច្នៃ ចំនួន២គ្រឿង ដោយផ្ទុកឈើសរុបចំនួន៣៥ដុំ ស្មើនឹងជិត៦,០០០ម៉ែត្រគូប។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រោយបញ្ចប់ប្រតិបត្តិការទាំងពីរករណី រថយន្ដឡង់គ្រីស័រកែច្នៃទាំង២គ្រឿងនោះ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។ ដោយឡែក វត្ថុតាងឈើពពូល និងឈើសុក្រំ ដែលដកហូតបានសមត្ថកិច្ច បានប្រគល់ជូនរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីចាត់ការបន្ដតាមនីតិវិធី។

មេបញ្ជាការអាវុធហត្ថខេត្តរតនគិរីឧត្តមមសេនីយ៍ត្រី ថាវ យ៉េន បានប្រាប់ឲ្យដឹងដែរថា តាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះ ក្រុមការងារដឹកនាំដោយរូបលោក និងលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរនគិរី បានបញ្ជាកម្លាំងយករថយន្តឡង់គ្រីស័រច្នៃទាំង២គ្រឿងនេះ ដុតបំផ្លាញចោលនៅព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការសាទរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកអូរយ៉ាដាវផងដែរ៕