(កំពង់ស្ពឹ)៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខនិងផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន៣២៧គ្រួសារ ដែលមកពី៣២ភូមិ ៣ឃុំ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងនាំយកអំណោយសម្រាល ការលំបាកសម្រាប់ចែកជូនប្រជាពលរដ្ឋទាំងអស់ ដែលអំណោយទាំងនេះ ទទួលបានពីសប្បុរសជន ជាពិសេសក្នុងឱកាសទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។
ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ បានពាំនាំសារអំពាវនាវ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យយកចិត្តទុកដាក់ថែទាំសុខភាព ជាពិសេសសូមប្រុងប្រយ័ត្ន និងកុំឲ្យមូសខាំ កុំឲ្យកើតជំងឺគ្រុនឈាម ត្រូវគេងក្នុងមុង និងត្រូវបំបាត់ជម្រកមូសជុំវិញផ្ទះ និងក្នុងសហគមន៍របស់ខ្លួន ដើម្បីជៀសវាងជំងឺគ្រុនឈាម ដែលកំពុងរាលដាលលើមនុស្សគ្រប់វ័យ។
លោកស្រីបន្ដថា ត្រូវជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសង ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម សម្លាប់មនុស្ស -ល-, ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ និងហាមដាច់ខាតការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងជាចុងក្រោយនេះ សូមស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាព ឲ្យបាន៤ដងមុនពេលសម្រាល។
ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ និងផ្សារភ្ជាប់ជានិច្ចជាមួយសុខទុក្ខ របស់ប្រជាពលរដ្ឋដោយក្តីមេត្តា ករុណា និងគ្មានការរើសអើងអ្វីឡើយ។
បន្ទាប់ពីបញ្ចប់ពិធីចែកអំណោយទាំងពីរកន្លែងរួចមក លោកស្រីអគ្គលេខាធិការ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនចាស់ជរា គ្មានទីពឹងចំនួន៤គ្រួសារ នៅក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អំណោយដែលបានចែកជូនគ្រួសារនីមួយៗ រួមមាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកាមួយចំនួន។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភក្នុងម្នាក់ៗ នំប៉័ង១ដើម និងទឹកសុទ្ធ១ដប។
ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ ក៏បាននាំយកទៀនវស្សាមួយគូ ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់វត្តសង្កែសាទប និងវត្តតាំងរបង សម្រាប់បុណ្យចូលព្រះវស្សាផងដែរ៕