(ភ្នំពេញ)៖ ផ្លាកយីហោដែលបានតម្លើងដាក់តាំងរំលោភលើចំណី ផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ ចំនួន៤ផ្ទាំងទៀតហើយ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវ ចាត់វិធានក្ដៅក្នុងការកាត់ចេញយកមករក្សាទុក ក្រោយពីកាត់ផ្លាកប៉ានណូ ចំនួន៨ផ្ទាំង និងកាត់នូវការតម្លើងអក្សរខុសពីអក្សរជាតិ ដោយគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ ដែលដាក់ចេញដោយសាលារាជធានីភ្នំពេញ។
វិធានការក្ដៅកាត់ផ្លាកយីហោចំនួន៤ផ្ទាំង ក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវ របស់អាជ្ញាធរខណ្ឌឫស្សីកែវនេះ ដឹកនាំដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ លោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ និងប្រធាន អនុប្រធានការិយាល័យជុំនាញនានា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែទី២ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។
នាយករងរដ្ឋបាលខណ្ឌ លោក ស៊ូ សារ៉ាត់ បានឲ្យដឹងផងដែរថា នៅក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈ ដែលជាគោលការដាក់ចេញដោយ សាលារាជធានីភ្នំពេញ គឺត្រូវបានអនុវត្តឡើងជាប្រចាំក្នុងគោលដៅទប់ស្កាត់នូវការរំលោភបំពានផ្សេងៗ លើផ្លូវសាធារណៈរបស់រដ្ឋ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ឬបង្កជាគ្រោះថ្នាក់ចរាចរដល់អ្នកធ្វើដំណើរជាដើម ដោយសារប្រជាអាជីវករ បានដាក់តាំងទំនិញ ឬសម្ភារ ក៏ដូចជាតម្លើងផ្លាកយីហោផ្សេងៗ ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួនលយលើចិញ្ចើមផ្លូវ។
សូមរំលឹកថា កាលពីថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានបន្តចាត់វិធានការក្ដៅ ក្នុងកាត់ផ្លាកយីហោ ចំនួន៨ផ្ទាំង ក្នុងនោះមានទាំងការកាត់នូវការតម្លើងអក្សរខុសពីអក្សរជាតិ ដោយគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដកហូតដែកអេតចាយមួយចំនួនទៀត ដើម្បីដឹកយកមករក្សាទុកពីក្រុមអាជីវករ ដែលបានដាក់តាំងទំនិញ រំលោភលើចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ចាប់ពីចំណុចភ្លើងស្តុប៦២R ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ នៅតាមសងខាងបណ្ដោយផ្លូវជាតិលេខ៥ ព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ រហូតដល់ស្ពានលោកឧកញ៉ា (លីយ៉ុងផាត) ស្ថិតក្នុងសង្កាត់ស្វាយប៉ាក៕