(កោះកុង)៖ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានដឹកនាំគណៈកម្មការ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា BLO រវាងមន្ត្រីប្រចាំការការិយាល័យទំនាក់ទំនងការងារបង្ក្រាបគ្រឿងញៀន ជាប់ព្រំដែនរវាងខេត្តកោះកុង និងខេត្តត្រាតដែលមានព្រំដែនជាប់គ្នា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
ឯភាគីថៃក្រោមការដឹកនាំដោយលោក ស៊ុប ផាកមិតឈិនណាក់ស៊ី អភិបាលរងខេត្តត្រាត រួមនឹងមន្ត្រីក្រោមឱវាទ ដែលកិច្ចពិភាក្សាក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន» រៀបចំឡើងដោយភាគីថៃ ស្ថិតនៅសណ្ឋាគារភូបទន្លេ ស្រុកខ្លងយ៉ៃ ប្រទេសថៃ។
លោក ផៃធូន ផ្លាមកេសបានថ្លែងថា ក្នុងកិច្ចប្រជុំពិភាក្សា BLO រវាងមន្ត្រីប្រចាំការការិយាល័យទំនាក់ទំនងការបង្ក្រាបគ្រឿងញៀនជាប់ព្រំដែនរវាងខេត្តកោះកុង និងខេត្តត្រាត ឃើញថា សមត្ថកិច្ចទាំង២ខេត្ត បានរួមសហការគ្នាល្អ ដោយភាគីទាំងសងខាងបានផ្តល់ព័ត៌មានឲ្យគ្នាបានរហ័ស ដែលអាចឃាត់មុខសញ្ញាជនសង្ស័យបានភ្លាមៗ។
លោកថ្លែងបន្តថា «សូមសមត្ថកិច្ចទាំងទ្វេរភាគីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងច្រកទ្វារអន្តរជាតិចាំយាម និងហាកលិក ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បង្ក្រាបបទល្មើស គ្រឿងញៀន ដែលជនសង្ស័យនឹកឆ្លងដែន កុំឲ្យមាន ព្រោះគ្រឿងញៀនធ្វើឲ្យខូចអនាគតយុវវ័យ បំផ្លាញ ធ្វើឲ្យអាប់ឱនដល់សង្គមជាតិ និងបាត់ធនធានមនុស្សផងដែរ ហេតុដូច្នេះ យើងទាំងអស់គ្នា ត្រូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ នៅពេលអ្នកទេសចរណ៍ និងពលរដ្ឋទាំងទ្វេរភាគីបានធ្វើដំណើរឆ្លង ហើយបើកទទួលបានមុខសញ្ញា មិនប្រក្រតីត្រូវផ្តល់ព័ត៌មានជូនគ្នា ទៅមកដើម្បីកំណត់មុខសញ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យ»។
លោកបានបញ្ជាក់ថា ការប្រជុំពិភាក្សា BLO រវាងខេត្តកោះកុង និងខេត្តត្រាតឃើញថា សមត្ថកិច្ចទាំង២បានសហការបានល្អ ហើយគ្រឿងញៀនមានការថយចុះជាលំដាប់៕