(មណ្ឌលគិរី)៖ កម្លាំងអាវុធហត្ថនៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជូនឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ទៀត ឡើងតុលាការ ដើម្បីធ្វើការសួរនាំ ក្រោយពីត្រូវបានចាប់ខ្លួន ពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា «យើងបានបញ្ជូនពួកគេឡើង តុលាការហើយ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមផ្លូវច្បាប់ ដែលមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន និងបក្ខពួករបស់គាត់»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង ៤០គ្រឿងផងដែរ។
ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានកើងមានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីរឹតបន្តឹងច្បាប់ឲ្យបានតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង។
រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញមកប្រកាសខ្លាំងៗ ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត របស់ជនទាំងឡាយណា រួមទាំងអ្នកសារព័ត៌មានផងនោះ ដែលហ៊ានចេញមករារាំងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ដែលកំពុងតែអនុវត្តនៅពេលនេះ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ពីចំណាត់ការដ៏ធ្ងន់ធ្ងរ ដោយសារតែជាការទទួលខុសត្រូវ ចំពោះប្រទេសជាតិ និងប្រជាជនក្រោមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាក់អំពីប្រតិបត្តិការបាញ់កម្ទេចចោល ចំពោះជនល្មើស និងឧក្រិដ្ឋជនព្រៃឈើ ដែលមានអាវុធក្នុងដៃ ហើយបាញ់ប្រហារមកលើកងកម្លាំងសមត្ថកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសយ៉ាងដូច្នេះថា «អ្នកដែលប្រឆាំងជាមួយនឹងកិច្ចការពារព្រៃឈើ រាប់ទាំងអ្នកសារព័ត៌មានផងនោះ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។ គេកាប់ឈើអស់លោកស្រែកអាឡេអាឡូ ដឹកត្រូវ ក៏ស្រែក ដឹកមិនត្រូវក៏ស្រែក ឥលូវខ្ញុំបង្ក្រាបអស់លោកស្រែក អស់លោកត្រូវតែទទួលទោសតាមផ្លូវច្បាប់ ដែលជាការរួមផ្សំជាមួយបទល្មើស។ ប្រទេសនេះ ប្រទេសកម្ពុជា ច្បាប់ព្រះរាជាណាចក្រកម្ពុជា គ្មាននរណានៅពីលើផ្លូវច្បាប់នោះទេ។ បទបញ្ជារហូតប្រើប្រាស់ឧទ្ធម្ភាគចក្រ បាញ់សម្លាប់អ្នកដែលកាប់ឈើ តែរហូតមកដល់ពេលនេះ ខ្ញុំមិនទាន់សម្លាប់មនុស្សទេ ខ្ញុំបំផ្លាញតែមធ្យោបាយ គ្មានបំបាត់ចោលមធ្យោបាយ ដើម្បីការពារបទល្មើស តែជនល្មើសបានចូលពន្ធនាគាររួចហើយ ដូច្នេះមធ្យោបាយបទល្មើសត្រូវកម្ទេចក្រវាត់ចោល។ បើសិនជាអស់លោកពូកែបែបនេះ សូមឲ្យមកធ្វើខ្លួនឯង។ ខ្ញុំត្រូវដោះដូរតម្លៃជាតិ ធនធានធម្មជាតិ និងទទួលខុសត្រូវជាមន្ដ្រីអនុវត្តច្បាប់ និងបទបញ្ជារាជរដ្ឋាភិបាលស្របតាមច្បាប់ ជាមួយជនល្មើសមិនថាខ្មែរ ឬបរទេសទេ សុំទោសម៉ោងនេះ ជួយផ្សព្វផ្សាយកុំឲ្យមានការ អ្នកកាប់ឈើ ហើយមធ្យោបាយដែលមានរួចហើយ សូមយកទៅរកស៊ី និងប្រើប្រាស់តាមផ្លូវច្បាប់»៕